បច្ចុប្បន្ន ប្រេស៊ីលជាប្រទេសដែលមានករណីស្លាប់ដោយកូវីដ-១៩កើនឡើងខ្ពស់បំផុតមិនធ្លាប់មានពីមុនមក គឺជិត៤ពាន់នាក់ក្នុងមួយថ្ងៃ សរុបអ្នកស្លាប់ជាង ៣សែននាក់ហើយ។ មន្ត្រីសុខាភិបាលបានព្រមានថា ប្រទេសតំបន់អាមេរិកខាងត្បូងមួយនេះ ប្រឈមនឹងសោកនាដកម្ម ដោយសារកូវីដ-១៩។
ចំនួនអ្នកស្លាប់ជាមធ្យមនៅក្នុងប្រទេសប្រេសីុលកើនឡើងពី២៤០០នាក់ក្នុងមួយថ្ងៃមកជាង ៣០០០នាក់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមក។ នៅថ្ងៃទី ២៧ខែមីនា ប្រេស៊ីលមានអ្នកស្លាប់ ដល់ទៅ៣៦៥០នាក់។
គិតត្រឹមម៉ោង ៧យប់ថ្ងៃទី២៨ខែមីនា ឆ្នាំ២០២១ នៅទូទាំងពិភពលោកមានករណីឆ្លងសរុបជាង១២៧លាននាក់ ស្លាប់ជិត ២,៨ លាននាក់។ អាមេរិក ស្ថិតនៅលំដាប់ទីមួយដដែលមានអ្នកឆ្លងជាង៣០លាននាក់។ ចំណែកប្រេស៊ីល ហក់ឡើងលំដាប់ទីពីរ មានអ្នកស្លាប់ជាង១២,៤លាននាក់។
ស្ថានភាពនៃការឆ្លងរាលដាលកូវីដ -១៩នៅលើពិភពលោកនៅតែខ្ពស់ដដែល ដោយមានអ្នកឆ្លងថ្មីជាង១៣៧ ពាន់នាក់ ក្នុងថ្ងៃទី២៧ខែមីនា។ ចំណែកអ្នកស្លាប់ក៏មានសញ្ញាកើនឡើងខ្ពស់ផងដែរ ដោយអ្នកជំងឺធ្ងន់កើនឡើងខ្ពស់នៅតាមបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប ក្នុងនោះមានបារាំង ជាដើម។
ចំនួនអ្នកជំងឺ COVID-19 ស្ថិតក្នុងបន្ទប់សង្រ្គោះបន្ទាន់នៅក្នុងប្រទេសបារាំងបានកើនឡើងដល់កម្រិតខ្ពស់មួយ ដែលកំពុងឈានទៅរកការដាក់ចេញវិធានការរឹតត្បិតបន្ថែមទៀត ខណៈលោកប្រធានាធិបតី ម៉ាក្រុង និយាយថាវិធានការរឹតត្បិតថ្មីៗប្រហែលជាត្រូវការជាចាំបាច់។ បើតាមក្រសួងសុខាភិបាលបារាំង អ្នកជំងឺ COVID-19 កំពុងសម្រាកព្យាបាលក្នុងបន្ទប់សង្រ្គោះបន្ទាន់ ICU មានចំនួន ៤,៧៩១នាក់ កាលពីថ្ងៃ២៧ខែមីនា ដែលចំនួន នេះបានបង្កឱ្យមានការព្រួយបារម្ភថាបារាំងអាចនឹងធ្លាក់ចូលក្នុងស្ថានការណ៍ដូច ឬខ្លាំងជាងកាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានអ្នកជំងឺ COVID-19 ច្រើនជាង៧,០០០នាក់ស្ថិតនៅក្នុងបន្ទប់ ICU។
លោក ម៉ាក្រុង នៅក្នុងសប្ដាហ៍នេះបានការពារការសម្រេចចិត្តរបស់លោកដែលមិនបិទខ្ទប់ប្រទេសទាំងស្រុងជាលើកទី៣។ ប៉ុន្តែប្រឈមមុខនឹងការកើនឡើងនៃករណី ឆ្លង COVID-19 លោកបាននិយាយថា វិធានការរឹតត្បិតបន្ថែមទៀតអាចត្រូវដាក់ចេញ។ បារាំងបច្ចុប្បន្នមានអ្នកឆ្លង COVID-19 ចំនួន ៤,៥០៨,៥៧៥នាក់ ក្នុងនោះស្លាប់ ៩៤,៤៦៥នាក់ និងជាសះស្បើយឡើងវិញ ២៨៩,៣៥០នាក់៕ ដោយ សាធី
បុគ្គលិកពេទ្យបានផ្ទេរអ្នកជំងឺ COVID-១៩ ទៅមន្ទីរពេទ្យនៅទីក្រុងBrasiliaប្រទេសប្រេស៊ីលនៅថ្ងៃទី ១៧ ខែមីនាឆ្នាំ ២០២១ ។ រូបភាព៖ THX / TTXVN