ភ្នំពេញ៖ ការនិយមអានសៀវភៅរបស់ប្រជាជនកម្ពុជា នៅមានចំនួនតិចនៅឡើយ បើធៀបទៅនឹងប្រទេសជិតខាង
ការប្រកាសនេះត្រូវបានធ្វើឡើងនៅថ្ងៃទី០៣ ខែមីនា នេះនៅទីស្នាក់ការអង្គការផ្ទាល់ដែលក្រុមហ៊ុន Smart បានឧបត្ថម្ភដំណើរការបណ្ណាល័យចល័តចំនួន២របស់អង្គការស៊ីប៉ាដើម្បីលើកកម្ពស់ការអាននៅក្នុងប្រទេសកម្ពុជា។ បណ្ណាល័យទាំង២នេះនឹងប្រតិបត្តិការនៅតាមភូមិគោលដៅចំនួន១៨កន្លែងជារៀងរាល់ថ្ងៃនៅក្នុងរាជធានីភ្នំពេញនិងខេត្តជាប់រាជធានីភ្នំពេញ។
ក្រោយពីបណ្ណាល័យចល័តចំនួន៨របស់ស៊ីប៉ាបានធ្វើសហប្រតិបត្តិការនៅទូទាំងប្រទេសដើម្បីកាត់បន្ថយអ្នកមិនចេះអក្សរនៅក្នុងប្រទេសកម្ពុជា។
លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ាបានថ្លែងថា ការអានគឺជាគន្លឹះសម្រាប់វិស័យអប់រំនិងការអភិវឌ្ឍន៍ធនធានមនុស្ស។ភាពជាដៃគូជាមួយក្រុមហ៊ុនខាងលើគឺអនុញ្ញាតឲ្យអង្គការស៊ីប៉ាពង្រីកសកម្មភាពរបស់ខ្លួននិងប្រយុទ្ធប្រឆាំងនិងអនក្ខរកម្មនៅក្នុងសហគមន៍ថ្មីព្រមទាំងលើកកម្ពស់ការងារស្ម័គ្រចិត្តនៅក្នុងចំណោមយុវជនកម្ពុជា។
លោក ថូ ម៉ាសហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata Group បានថ្លែងក្នុងពិធីនោះថា ក្រុមហ៊ុនរីករាយក្នុងការសហការណ៍ជាមួយអង្គការស៊ីប៉ាដើម្បីលើកកម្ពស់ការអាននៅក្នុងប្រទេសកម្ពុជា។លោកបញ្ជាក់យ៉ាងដូច្នេះថាដើម្បីកាត់បន្ថយអនក្ខរភាពក្រុមហ៊ុនបានផ្តល់ឡានបណ្ណាល័យចល័តចំនួន២គ្រឿងនិងផ្តល់ការអានភ្ជាប់ជាមួយបច្ចេកវិទ្យាដោយមានថេប្លេតភ្ជាប់ជាមួយអ៊ីនធើណែតល្បឿនលឿនហើយក្រុមហ៊ុនក៏បញ្ចូនបុគ្គលិកស្ម័គ្រចិត្តទៅជួយបង្រៀនកុមារនៅក្នុងសហគមន៍ផងដែរ។ លោកបានអះអាងបន្តថាប្រសិនបើបណ្ណាល័យចល័តនេះមានការគាំទ្រនិងទទួលបានជោគជ័យក្រុមហ៊ុននឹងជួយពង្រីកបណ្ណាល័យចល័តនេះបន្ថែមទៀតផងដែរ។
គួរបញ្ជាក់ថាក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ អង្គការស៊ីប៉ាបានធ្វើការលើគោលដៅក្នុងបំណងប្រយុទ្ធសម្រាប់ការអប់រំប្រកបដោយគុណភាពតាមរយៈការរៀបចំបណ្ណាល័យនៅក្នុងបរិស្ថានខុសៗគ្នា ដូចជាតាមសាលារៀន សហគមន៍ រោងចក្រ និងលើកកម្ពស់នៃការអាននៅក្នុងខេត្តចំនួន២៥។ សេវាកម្មរបស់បណ្ណាល័យចល័តរបស់អង្គការស៊ីប៉ាមានដូចជាអានរឿងនិទានឲ្យកុមារស្តាប់ការលែងល្បែងអប់រំការសម្តែងតុក្កតាហើយអ្នកចូលរួមនិងក្រុមគ្រួសាររបស់កុមារក៏អាចខ្ចីសៀវភៅបានផងដែរ៕
ដោយ៖ វឌ្ឍនា