ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែមីនានេះ មន្រ្តីជាន់ខ្ពស់នៅមន្ទីរពេទ្យកាល់ម៉ែត បានប្រាប់សារព័ត៌មានតាមប្រព័ន្ធទូរស័ព្ទ ដោយច្រានចោលសារជាសំលេងមួយ ដែលផ្សព្វផ្សាយ តៗគ្នាថា ពេទ្យនេះកំពុងផ្ទុះកូវីដ-១៩ ដែលឈានដល់ការបិទមន្ទីរពេទ្យ។
លោកវេជ្ជបណ្ឌិត ម៉ៅ រ៉ាសី ប្រធានរដ្ឋបាលមន្ទីរពេទ្យកាល់ម៉ែត បញ្ជាក់ថា សារជាសំលេងនេះ កំពុងធ្វើឲ្យមានការភាន់ច្រលំ និងចែករំលែកតៗគ្នា និងពេលនេះ មន្ទីរពេទ្យកំពុងប្តឹងទៅមន្រ្តីជំនាញ ដើម្បីរកម្ចាស់សំលេងដែលបំផុសរឿងនេះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
នៅព្រឹកថ្ងៃនេះ មានសារជាសំលេងមួយជិត១នាទី ដែលជាសំលេងមនុស្សប្រុស និយាយថា «អ្នកធ្វើការនៅកាល់ម៉ែត្រផ្ទុះកូវីដ១៩ ហើយអីលូវថ្នាក់ដឹកនាំកំពុងស្វែងរកអ្នកធ្វើការនៅកាល់ម៉ែត្រ និងកំពុងស្រាវជ្រាវ ហើយសូមបងប្អូននៅភ្នំពេញកុំទៅប្លុកនោះ ហើយបើអ្នកជាប់ពាក់ព័ន្ឋ ធ្លាប់ទៅកាល់ម៉ែត្រសូមធ្វើចត្តាឡីស័កនៅផ្ទះ១៤»។
លោកវេជ្ជបណ្ឌិត ម៉ៅ រ៉ាសី ប្រធានរដ្ឋបាលមន្ទីរពេទ្យកាល់ម៉ែ បន្ថែមថា នៅព្រឹកថ្ងៃនេះ មន្ទីរពេទ្យនឹងចេញជាប្រកាសព័ត៌មានមួយដើម្បីកុំឲ្យមាន ការយល់ច្រលំ និងបញ្ជាក់ថា សារជាសំលេងនេះមិនពិតនោះទេ គឺមន្ទីរពេទ្យនៅធ្វើការទទួលអ្នកជំងឺដដែល៕
ដោយ៖ សូរិយា