កន្លងមករុស្ស៊ីបានព្រមព្រៀងជាមួយប្រទេសអុីរ៉ង់ បេឡារូស ហើយពេលនេះគឺប្រទេសចិន ដើម្បីផលិតវ៉ាក់សាំង ប្រឆាំងកូវីដ-១៩ Sputnik V ចំនូន៦០លានដូស ។
មូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី RFIF នៅថ្ងៃទី ២៩ ខែមីនាបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់ចិន ដើម្បីផលិតវ៉ាក់សាំងចំនួន៦០លានដូសនៅក្នុងប្រទេសចិន។ ការផលិតវ៉ាក់សាំងនៅក្នុងប្រទេសចិន នឹងចាប់ផ្តើមឡើងនៅដើមខែឧសភាឆ្នាំ២០២១។ចំណែកនៅក្នុងប្រទេសអុីរ៉ង់វីញនឹងចាប់ផ្តើមផលិតនៅដើមខែមេសាខាងមុខ ។
ដោយឡែកប្រទេសចិនវិញ សារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៩ខែមីនាបានផ្សាយថា ចិនបានសហការជាមួយរោងចក្រផលិតវ៉ាក់សាំង នៅក្នុងទីក្រុង Abu Dhabi នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ផលិតវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinopharm ។ ក្រុមហ៊ុនចិនបានចុះកិច្ចព្រមព្រៀងមួយរវាង Sinopharm និងក្រុមហ៊ុនបច្ចេកវិទ្យា Group 42 (G42) មានមូលដ្ឋានក្នុងទីក្រុង Abu Dhabi។
រោងចក្រផលិតវ៉ាក់សាំងចាប់ផ្ដើមសាងសង់នៅក្នុងតំបន់សឧស្សាហកម្ម Khalifa នៃទីក្រុង Abu Dhabi (KIZAD) នឹងមានសមត្ថភាពផលិតវ៉ាក់សាំង ២០០លានដូសក្នុងរយៈពេលមួយឆ្នាំ។ ចំណែកឯ វ៉ាក់សាំងដែលផលិតឡើងនៅក្នុងរោងចក្រថ្មីនេះរបស់អេមីរ៉ាតអារ៉ាប់រួម ត្រូវបានដាក់ឈ្មោះថា Hayat-Vax។ ប៉ុន្តែ វ៉ាក់សាំង Hayat-Vax គឺជាវ៉ាក់សាំងតែមួយដែលប្រើប្រាស់បច្ចេកវិទ្យា «inactivated vaccine» របស់ក្រុមហ៊ុនចិន Sinopharm និងដែលត្រូវបានអនុញ្ញាតសម្រាប់ការប្រើប្រាស់ជាទូទៅនៅអេមីរ៉ាតអារ៉ាប់រួម កាលពីខែធ្នូ ឆ្នាំ២០២០កន្លងទៅ៕ដោយ សាធី
រូបភាព៖ AFP/TTXVN