ខេត្ដសៀមរាប៖កម្លាំងនគរបាលឆាំងបទល្មើសសេដ្ឋកិច្ចខេត្តដឹកនាំដោយស្ថាប័នតុលាការ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦នេះ បានចុះឆែកទីតាំងលក់សម្លៀកបំពាក់មួយកន្លែងយីហោ KH Export ក្រោយពីមានមានពាក្យបណ្ដឹងរបស់ក្រុមហ៊ុននៅសហរដ្ឋអាមេរិក The north West តាមរយៈមេធាវី HBS Law នៅភ្នំពេញ ពីបទរំលោភកម្មសិទ្ធិបញ្ញា។
ហេតុការណ៍សមត្ថកិច្ចឆែកឆេរនេះធ្វើឡើងនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
លោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានឲ្យដឹងថា ការឆែកទីតាំងខាងលើនេះ ធ្វើទៅតាមបណ្តឹងរបស់ក្រុមហ៊ុនឈ្មោះ ណកវេស ដែលមានទីតាំងនៅសហរដ្ឋអាមេរិកដោយសង្ស័យទីតាំងក្រុមហ៊ុនលក់សំលៀកបំពាក់ខាងលើរំលោភលើកម្មសិទ្ធិបញ្ញា ដែលមានមេធាវីឈ្មោះ HBSlaw មានទីតាំងនៅក្រុងភ្នំពេញបានប្តឹងមកតុលាការ ខេត្តសៀមរាប កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ ក្រោមបទចោទប្រកាន់ក្លែងបន្លំម៉ាក ។
លោកបន្តថា ក្នុងការឆែកឆេរនេះសមត្ថកិច្ចបានរកឃើញអាវរងារដៃវែងចំនួន១៤៤ និងមួកចំនួន៨ ។ លោកបញ្ជាក់ថា ចំពោះទំនិញនៅក្នុងទីតាំងខាងលើដែលបានរកឃើញនោះសមត្ថកិច្ចនៅមិនទាន់ចាត់វិធានការនោះទេ ដោយឲ្យម្ចាស់រក្សាទុកនិងហាមលក់ដូរ ដោយសារខាងក្រុមហ៊ុន ណកវេស នៅអាមេរិកពុំទាន់បានរកឃើញថា សាខានៅសៀមរាប និងភ្នំពេញមានច្បាប់ឬអត់នៅឡើយ។ ករណីនេះប្រសិនគ្មានច្បាប់ ទីតាំងទាំងពីរនោះអាចប្រឈមមុខនឹងផ្លូវច្បាប់ ខណៈ សាខានៅសៀមរាប ឆ្លើយថា ទំនិញទាំងនេះគឺទទួលពីសាខាក្រុងភ្នំពេញ។ យ៉ាងណានេះក្តីសមត្ថកិច្ចកំពុងរង់ចាំការឆ្លើយតបពីក្រុមហ៊ុនណកវេស នៅសហរដ្ឋអាមេរិក ដើម្បីបន្តចំណាត់ការបន្ថែមទៅ តាមផ្លូវច្បាប់៕ ដោយ៖ជានិរន្ដរ៍