ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ឯក ឆាងថត វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានប្រាប់ឲ្យដឹងនៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២១នេះថា កម្លាំងជំនាញរបស់លោក នៅថ្ងៃទី ២៩ ខែមីនា កន្លងមកនេះបានចុះស្រាវជ្រាវ និងឃាត់ខ្លួនយុវជនម្នាក់ដែលបន្លំតែងខ្លួនធ្វើជាព្រះសង្ឃនិមន្តបិណ្ឌបាតនៅតាមភូមិ និងទីផ្សារជាច្រើននៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ការចុះអនុវត្តច្បាប់នេះធ្វើឡើងបន្ទាន់ពីមានសេចក្តីរាយការណ៍ពីមន្ត្រីជំនាញធម្មការខេត្ត។ ជនបង្កមានឈ្មោះកួន ហ្វួន ភេទប្រុស អាយុ១៥ ឆ្នាំរស់នៅក្នុងស្រុកបន្ទាយមាស ខេត្តកំពត។ជនសង្ស័យសារភាពថា ខ្លួនពិតជាបានបន្លំធ្វើជាព្រះសង្ឃពិតប្រាកដមែនដោយក្នុងមួយថ្ងៃរកលុយបានចាប់ពី ៤០ ០០០ ទៅ៥០ ០០០ រៀល ។
លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ បន្តថា÷ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញរៀបចំសំណុំបែបបទបញ្ជូនទៅកាន់ការិយាល័យស្នងការនគរបាលខេត្តដើម្បីវិនិច្ឆ័យទោសតាមច្បាប់៕
ដោយ៖ ស សារ៉េត