កញ្ញា សំ ថារ័ត្ន តារាក្បាច់គុនល្បុក្កតោ នឹងលេចមុខសម្តែងភាពយន្តហូលីវូដ ជាមួយតារាល្បីលំដាប់ពិភពលោក

ចែករំលែក៖

ភ្នំពេញ៖ បង្កើតឲ្យមានការភ្ញាក់ផ្អើលបន្ទាប់ពីពីកីឡាការិនី និងជាតារាក្បាច់គុនល្បុក្កតោខ្មែរគឺកញ្ញា សំ ថារ័ត្នបានប្រកាសក្នុងការលេចមុខក្នុងការសម្តែងភាពយន្តដ៏សម្បើមមួយរបស់ហូលីវូដគឺរឿង”Shotgun Wedding” ដែលភាពយន្តនេះ នាងនឹងបញ្ចេញការសម្តែងអមដោយក្បាច់គុនរួមជាមួយតារាលំដាប់ពិភពលោកជាច្រើនរូបមានដូចជានាង Jennifer Lopez លោក Armie Hammer លោក Josh Duhamel ជាដើម។
Shotgun Wedding គឺជាភាពយន្តហូលីវីដដែលរៀបរាប់អំពី ពិធីរៀបអាពាហ៍ពិពាហ៍ របស់គូស្វាមីភរិយាមួយគូហើយត្រូវបានចាប់ដោយក្រុមចោរប្លន់។ នៅក្នុងនោះមានដំណើរការនៃការជួយសង្គ្រោះក្រុមគ្រួសារពួកគេបានរកឃើញឡើងវិញនូវមូលហេតុដើមមួយពិតប្រាកដ។ ភាពយន្តនេះដឹកនាំសម្តែងដោយលោក Jason Moore និងនិពន្ធដោយលោក Mark Hamme។ គេចាំបានដែរថា សំ ថារ័ត្នកញ្ញា គឺជាកូនស្រីកវី លោក អ៊ុំ តារា និងជាស្ត្រីខ្មែរដំបូងម្នាក់ដែលបានហាត់ក្បាច់គុនល្បុក្កតោឡើងវិញ បន្ទាប់ពីគុនល្បុក្កតោនេះស្ទើរតែរលាយសាបសូន្យក្នុងសម័យខ្មែរក្រហម។ ដំណើរជីវិតហាត់ក្បាច់គុនបុរាណខ្មែរដ៏សំខាន់នៃអាណាចក្រអង្គររបស់កញ្ញា សំ ថារ័ត្ន នេះ ត្រូវបានចងក្រងនៅក្នុងភាពយន្តឯកសារថ្មីមួយ ដែលមានចំណងជើងថា៖ «Surviving Bokator»។ នាងធ្លាប់ចូលរួមសម្តែងក្នុងភាពយន្តមួយចំនួននៅកម្ពុជាផងដែរមានដូចជារឿង” JailBreak” និងរឿង” First They Kill My Father”របស់លោកស្រី អេនជីលីណា ជូលីនោះជាដើម។ នាងគឺជាមោទកភាពរបស់កម្ពុជា។
តារាស្រីរូបនេះបានបង្ហើបថាភាពយន្តនេះបានចាប់ផ្តើមផលិតហើយកាលពីប៉ុន្មានថ្ងៃមុននេះ ប៉ុន្តែរូបភាពនៃការផលិតមិនត្រូវបានទម្លាយនោះឡើយ ។ នេះបើយោងតាមការបញ្ជាក់របស់កញ្ញា សំ ថារ័ត្ន។ កញ្ញាបញ្ជាក់ថា កាលពីថ្ងៃសុក្រកន្លងទៅនាងទើបនឹងចាប់ផ្តើមការថតឈុតតូចមួយក្នុងចំណោមឈុតធំដែលមានត្រឹមការវាយតប់តិចតួច។ នាងថានាងពិតជារំភើបពិបាកនឹងពណ៌នាដែលទទួលបានឱកាសនៃការថតភាពយន្តនេះ ហើយទទួលបានការយកចិត្តទុកដាក់ច្រើនពីក្រុមការងារ។ អ្វីដែលនាងកាន់តែរំភើបគឺទទួលបានការកោតសរសើរពីក្រុមការងារផលិតភាពយន្តខាងលើ នាងថាជារឿងតូចសម្រាប់អ្នកថតទាំងអស់ប៉ុន្តែជារឿងដ៏ធំសម្បើអស្ចារ្យសម្រាប់ជីវិតនាងក្នុងការថតភាពយន្តនេះ និងជាលើកទី១ក្នុងជីវិត។ នាងថាឈុតដំបូងជាឈុតវាយតប់នាងថាមិនលំបាកច្រើនឡើយ ខណៈដែលការជាំសាច់កន្លែងខ្លះគឺជារឿងធម្មតា ហើយនាងពិតជារីករាយដែលផលិតករ និងក្រុមការងារកោតសរសើរពីការសម្តែងរបស់នាងមិនដាច់ពីមាត់នោះ។ នាងបានចាត់ទុកថានេះគឺជាវេទិការពិសេសមួយសម្រាប់បង្ហាញសមត្ថភាព សិល្បៈខ្មែរ ក្បាច់គុណខ្មែរ អត្តចរិក សីលធម៌វប្បធម៌ និងសិល្បៈនៃការចែករំលែកទៅកាន់ពិភពលោក៕


ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print