ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជិះម៉ូតូលឿននិងរេចង្កូតពេញផ្លូវ ជ្រុលទៅបុកអ្នកដើរឆ្លងផ្លូវ និងដើរជិតផុតទៅហើយ បណ្តាលឲ្យដួលសន្លប់ស្តូកស្តឹងនៅនិងកន្លែង(ធ្ងន់) ចំណែកអ្នកបើកម៉ូតូបង្ករងរបួសស្រាល។
ដែលគ្រោះថ្នាក់នេះកើតឡើងនៅ វេលាម៉ោង៨ និង២៥នាទីយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦ នៅចំណុចមុខមាសសិលា លក់ភេជ្ជសៈគ្រប់មុខ តាមបណ្តោយផ្លូវលលេខ៣៧១ ស្ថិតក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
ម៉ូតូបង្កម៉ាកហុងដាឌ្រីម ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CL- 1660ជិះពីលិចទៅកើត ក្នុងស្ថានភាពស្រវឹងស្រាជោគជាំ ។ ចំណែកជនរងគ្រោះមិនស្គាល់ឈ្មោះបានដើរឆ្លងផ្លូវទៅទិញទឹកផឹកត្រូវម៉ូតូបុកពេញទំហឹងបណ្តាលអោយសន្លប់ស្តូកនៅកន្លែងកើតហេតុ។
តាមប្រភពព័ត៌មានពីអ្នកដែលឃើញហេតុការណ៍បានអោយដឹងថា មុនដំបូងគេបានឃើញបុរសម្នាក់បើកម៉ូតូរេពេញផ្លូវ មកដល់ចំណុចខាងលើមានអ្នកដើរឆ្លងផ្លូវជិតផុតទៅហើយ ស្រាប់តែម៉ូតូបង្ករេចង្កូតទៅបុកនៅចិញ្ចើមផ្លូវបណ្តាលអោយដួលបោកក្បាលនឹងថ្នល់សន្លប់ស្តូកស្តឹង(ធ្ងន់) ចំណែកអ្នកបើកម៉ូតូបង្កររងរបួសស្រាល ។
ក្រោយពេលកើតហេតុអ្នករងរបួសធ្ងន់និងស្រាលត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាល នៅគ្លីនិកឯកជន ចំណែកម៉ូតូរបស់ជនបង្កត្រូវបានបុរសម្នាក់អះអាងថាជាមិត្តភក្កិសុំយកម៉ូតូទៅរក្សាទុក តែសមត្ថកិច្ចមិនបានប្រគល់ឲ្យទេ ដោយយកទៅរក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌ មានជ័យរងចាំប្រគល់ឲ្យម្ចាស់វិញ ៕
ដោយ៖ ជីម ភារ៉ា ដង្កោ