ភ្នំពេញ៖ បទចម្រៀង ”Time to Rise” របស់តារាចម្រៀង វណ្ណដា មិនត្រឹមតែមិនធ្វើឲ្យអ្នកគាំទ្រ របស់ខ្លួនខកចិត្តនោះទេ ថែមទាំងបានសាងភាពភ្ញាក់ផ្អើលខ្លាំងមិននឹកស្មានសម្រាប់ទស្សនិកជន តាមរយៈស្នាដៃបទចម្រៀងបង្កប់ដោយអត្ថន័យអប់រំស៊ីជម្រៅ ពិសេសការច្រៀងលាយបញ្ចូលគ្នានូវទម្រង់សិល្បៈចាប៉ីខ្មែរ និងចម្រៀងរ៉េបបែបយុវវ័យ រហូតអាចធ្វើឲ្យរំភើបចិត្តក្រុមអ្នកស្រលាញ់វប្បធម៌បានថែមទៀតផង។
ត្រឹមតែរយៈពេល៣ថ្ងៃប៉ុណ្ណោះបទចម្រៀងខាងលើអាចឆក់បានការចាប់អារម្មណ៍ចូលទស្សនាលើបណ្តាញសង្គម Youtube ជិត២លានដង ខណៈដែលនៅលើបណ្តាញសង្គមផ្សេងទៀតក៏ស្ទុះខ្លាំងគួរឲ្យចាប់អារម្មណ៍។ មិនតែប៉ុណ្ណោះបទចម្រៀងនេះត្រូវបានឡើងដល់លំដាប់ទី១ក្នុងតារាង Apple Music ដែលជាបទចម្រៀងថ្មីចុងក្រោយដែលមានចំនួនអ្នកស្តាប់ច្រើនបំផុងផងដែរ។ បទចម្រៀងមួយនេះក៏បានចូលរួមផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នកមិននិយមស្តាប់បទចម្រៀងរ៉េប ឲ្យងាកមកចាប់អារម្មណ៍ផងដែរ ។ ខណៈដែលអ្នកសិល្បៈ និងអ្នកវប្បធម៌និយមក៏មិនអាចទប់មាត់មិនសរសើរមិនបានឡើយ ថែមទាំងស្នើឲ្យបង្កើនការផលិតសិល្បៈទម្រង់បែបនេះថ្មីបន្តទៀតដើម្បីបង្ហាញដល់យុវជនជំនាន់ក្រោយបានស្វែងយល់ពីសិល្បៈខ្មែរបន្ថែម បង្កើតរសជាតិថ្មីនៃទម្រង់សិល្បៈមួយបន្ថែមទៀត ជាជាងត្រឹមតែការអួតសម្ញែងត្រឹមតែកេរមរតកដូនតាដែលមានស្រាប់នោះ។ នេះបានក្លាយជារបត់ថ្មីនៃវិស័យចម្រៀងរ៉េបបែបថ្មីនៃការលាយបញ្ចូលគ្នារវាងទម្រង់សិល្បៈសម័យ និងបុរាណ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ មិនប្រាសចាកពីមូលដ្ឋាន។ គេរំពឹងដែរថានិងមានទម្រង់សិល្បៈខ្មែរមួយចំនួនទៀតនឹងត្រូវលើកយកមកបង្ហាញ និងស្ថិតក្រោមការច្នៃប្រឌិតដែលអាចទទួលយកបាន។
អ្នកវប្បធម៌និយម និងជាតារាពហុជំនាញអ្នកនាង ស៊ូ ដាណេ បានបញ្ចេញទស្សនៈជុំវិញសំណួរនេះផងដែរថា អ្នកនាងពិតជាមិនសរសើរមិនបានអំពីគំនិតច្នៃប្រឌិតនៃការផលិតសិល្បៈបែបនេះ ហើយបើសួរថាខូចវប្បធម៌ឬទេនោះ? គឺនាងមានតែអរគុណដែលចេះច្នៃអ្វីថ្មីដែលមិនប្រាសចាកពណ៌សម្បុរជាខ្មែរ ជាពិសេសខ្មែរអាចធ្វើអ្វីដែលថ្មី ដោយមិនអួតក្អេងក្អាងដែលកេរដូនតាបន្សល់ទុក។ សាររបស់តារាពហុជំនាញ និងជាអ្នកវប្បធម៌និយមរូបនេះបានបង្កើតឲ្យមានការសាទរ និងចាប់អារម្មណ៍ជាច្រើន ខណៈដែលទស្សនិកជនជាច្រើនក៏មានទស្សនៈមិនខុសពីនាងឡើយ ពោលគឺជាការគាស់រំលឹកអំពីទម្រង់សិល្បៈ ឲ្យកូនខ្មែរជំនាន់ក្រោយបានចងចាំ និងជាការបង្ហាញទៅកាន់ពិភពលោកអំពីការរួបរួមសាមគ្គី និងភាពជាម្ចាស់នៃសម្បត្តិសិល្បៈវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរផងដែរ៕
ដោយ៖ វឌ្ឍនា