ខេត្តព្រះសីហនុ៖ ចំពោះទីតាំងមួយផ្នែកនៃតំបន់ទំនប់រលក ដែលកំពុងមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (ចាប់ពីក្រុមទី៦ ដល់ក្រុមទី១១ ពីក្រុមទី១៦ ដល់ក្រុមទី២៤ និងក្រុមទី៣២) ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ត្រូវបានរដ្ឋបាលខេត្តបិទជាបណ្តោះអាសន្នហើយ។
រដ្ឋបាលខេត្តព្រះសីហនុជម្រាបមក លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់ទំនប់រលក ឱ្យបានជ្រាបថា៖ យោងតាមលទ្ធផលតេស្តវត្ថុសំណាកដែលក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តបានយកពីប្រជាពលរដ្ឋនៅតំបន់ទំនប់រលក ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ បានបញ្ជាក់ថាមានករណីវិជ្ជមានវីរុសកូវីដ-១៩ កើនឡើងជាបន្តបន្ទាប់ ពាក់ព័ន្ធជាមួយមនុស្សនៅក្នុងតំបន់នោះ។
ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បន្តទៀត រដ្ឋបាលខេត្តសម្រេចបិទខ្ទប់តំបន់ទំនប់រលកមួយផ្នែក(ចាប់ពីក្រុមទី៦ ដល់ក្រុមទី១១ ក្រុមទី១៦ ដល់ក្រុមទី២៤ និងក្រុមទី៣២) ជាបន្ទាន់ ចាប់ពីមាត់សមុទ្រដល់ផ្លូវរថភ្លើង ដោយកំណត់បិទចាប់ពីមុខស្នាក់ការកងរាជអាវុធហត្ថទំនប់រលក រហូតដល់ផ្លូវឡើងទៅរោងចក្រ អរ ស៊ី អាយ (ទាំងសងខាងផ្លូវ) ដោយមិនអនុញ្ញាតឱ្យមានការចេញ-ចូលតំបន់នោះបន្តទៀតឡើយ។ ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទំនប់រលកអាចធ្វើដំណើរដោយថ្មើរជើងដើម្បីទិញម្ហូបអាហារ សម្ភារប្រើប្រាស់ចាំបាច់នានានៅផ្សារក្នុងភូមិ ដោយអ្នកលក់ និងអ្នកទិញត្រូវពាក់ម៉ាស់បាញ់អាល់កុល ឬជែល ដែលសម្លាប់មេរោគ រក្សាគម្លាតសុវត្ថិភាព ព្រមទាំងដាក់ខ្សែចងនៅមុខកន្លែងលក់ដូរឱ្យបានត្រឹមត្រូវ។ ដោយឡែកប្រជាពលរដ្ឋរស់នៅក្នុងក្រុមទី៩, ១២, ១៣, ១៤ និងក្រុមទី១៥ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះគឺមិនអនុញ្ញាតឱ្យចេញពីទីតាំងរបស់ខ្លួនឡើយ។ ក្រុមការងារស្រាវជ្រាវ នឹងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ នឹងចុះស្រាវជ្រាវ សម្ភាសន៍អ្នកពាក់ព័ន្ធនៅក្នុងទីតាំងនោះ ហើយក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តនឹងចុះយកវត្ថុសំណាកពីអ្នករស់នៅក្នុងតំបន់នោះទាំងអស់គ្នាដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩។
រដ្ឋបាលខេត្តព្រះសីហនុ សូមណែនាំបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទំនប់រលក ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់វិធានការ«៣ការពារនិង៣កុំ»របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។
ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានធុរចាំបាច់ត្រូវធ្វើដំណើរទៅមកក្រុងព្រះសីហនុ-ស្រុកស្ទឹងហាវ ត្រូវវាងតាមផ្លូវរោងចក្រ អរ ស៊ី អាយ (RCI) វិញ៕
ដោយ៖ ឆ្លាម សមុទ្រ