សត្វជ្រូកដែលនាំចូលពីប្រទេសថៃចំនួន៣៨ក្បាលមន្ត្រីខេត្តបន្ទាយមានជ័យ រកឃើញវីរុសប៉េសជ្រូកអាហ្វ្រិច

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មន្ត្រីជំនាញថា សត្វជ្រូករស់ដែលទើបចាប់បាននៅខេត្តបន្ទាយមានជ័យ ក្រោយពេលធ្វើតេស្តឈាមលទ្ធផលគឺ វិជ្ជមានជំងឺប៉េស្តជ្រូកអាហ្វ្រិច។នេះបើយោងលទ្ធផលមន្ទីរពិសោធន៍វីរុសសាស្ត្រនៃវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វនិងផលិតកម្មសត្វ របស់អគ្គនាយកដ្ឋានផលិតកម្មសត្វនិងសុខភាពពសត្វនៃក្រសួងកសិកម្មចេញនៅថ្ងៃទី១ខែមេសាឆ្នាំ២០២១ លើសំណាកឈាមជ្រូករស់ចំនួន៣៨ក្បាល ដែលសមត្ថកិច្ចចាប់នៅព្រំដែនកម្ពុជា ថៃនៅខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី៣០ខែមីនាឆ្នាំ២០២១កន្លងមកនេះ ។

 លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យបានឲ្យដឹងថាកាលពីម៉ោង២និង១០នាទីរសៀល ថ្ងៃទី ៣០ខែ មីនា ឆ្នាំ២០២១ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសវិស័យសុខភាពសត្វ ផលិតកម្មសត្វការិយាល័យនេះសហការនិងកម្លាំងពាក់ព័ន្ធបានធ្វើការឃាត់ចាប់រថយន្ត ២គ្រឿង រថយន្តទី១ ម៉ាកនីសាន់ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-0388 ដែលផ្ទុកជ្រូករស់ចំនួន២០ក្បាលជ្រូកជំទើរ ត្រៀមយកមកខ្វៃលក់ក្នុងអំឡុងឆេងម៉េងនិងរថយន្តទី២ គ្មានស្លាកលេខពណ៌ខ្មៅ ម៉ាកកាម៉ារី គ្មានស្លាកលេខ ផ្ទុកជ្រូករស់ចំនួន ១៨ក្បាលជ្រូកជំទើរ នៅចំណុចខាងកើតសាលាស្រុកអូរជ្រៅ ក្នុងភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ដែលសត្វជ្រូកបាននាំចូលពីប្រទេសថៃតាមច្រករបៀងនៃព្រំដែនកម្ពុជា ថៃក្នុងស្រុកអូរជ្រៅ ។ការនាំចូលសត្វជ្រូកនេះដោយមិនមានលិខិតអនុញ្ញាត មិនមានលិខិតបញ្ជាក់សុខភាពសត្វឡើយ ។

ក្នុងនោះសមត្ថកិច្ចជំនាញ បាននាំយកវត្ថុតាងល្មើសខាងលើមកកាន់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត អនុវត្តនូវនីតិវិធីច្បាប់និងធ្វើចត្តាឡីស័ក និងបានបូមឈាមផ្ញើទៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានផលិតកម្មសត្វនិងសុខភាពសត្វដើម្បីចាត់ការជាបន្តទៀត ។ជាលទ្ធផលលើសំណាកឈាមជ្រូកដែលធ្វើពិសោធន៍បានបញ្ជាក់ថា វត្ថុវិភាគមានគុណភាពល្អ តែវាវិជ្ជមានជំងឺប៉េសជ្រូកអាហ្វ្រឹច។យោងការណែនាំរបស់ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោកប៉ាង វណ្ណាសេដ្ឋ ប្រធានកសិកម្មខេត្ត និងចំណាររបស់លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានអនុញ្ញាតឲ្យជំនាញដុតបំផ្លាញចោលតាមនីតិវិធិនិងបច្ចេកទេសព្រោះជាប្រភេទជ្រូកមានជំងឺ ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលបានទិញយកទៅបរិភោគ ។

ដូច្នេះសត្វជ្រូកទាំង៣៨ក្បាលនោះត្រូវមន្ត្រីជំនាញនាំទៅដុតបំផ្លាញចោលហើយកាលពីម៉ោង៣រសៀលថ្ងៃទី០១ខែមេសាឆ្នាំ២០២១ម្សិលមុិញនេះហើយ៕

    

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print