ខេត្តបាត់ដំបង÷ កម្លាំងប៉ុស្តិ៍នគរបាលព្រំដែនគីឡូ៩ សហការជាមួយកម្លាំងយោធាផ្នែកសឹករង, កម្លាំងវរសេនាតូចលេខ៥៣៣ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃសីមា បានទៅទទួលប្រជាពលរដ្ឋជាពលករខ្មែរត្រឡប់មកពីប្រទេសថៃចំនួន២៤នាក់ ចូលមកប្រទេសកម្ពុជាវិញ រួចយកទៅធ្វើចត្តាឡីស័ក។
ការទៅទទួលបងប្អូនត្រឡប់មកពីប្រទេសវិញនេះបានប្រព្រឹត្តទៅកាលពីយប់ថ្ងៃទី២ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូនក្នុងនោះមានទាំងអស់ ចំនួន ២៤នាក់(ស្រី១០នាក់និងក្មេងប្រុស១នាក់) ។
មន្រ្តីនគរបាលដែលចុះទៅទទួលបងប្អូនទាំង២៤នាក់នេះបាននិយាយថា ប្រតិបត្តិការនេះធ្វើឡើងតាមការណែនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ស្តីពីការត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។
បន្ទាប់ពីធ្វើការសាកសួររួច ក៏ធ្វើការអប់រំណែនាំ ហើយកម្លាំង បានប្រគល់ពួកគាត់ឲ្យទៅក្រុមគ្រូពេទ្យដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កនៅអនុវិទ្យាល័យកូនភ្នំ៣២ ស្របតាមវិធានការនិងការណែនាំរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ៕