ភ្នំពេញ៖ ឧបករណ៍ថេប្លេតដែលជាឧបករណ៍សម្រាប់បម្រើការងារបញ្ចូលទិន្នន័យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៦៨គ្រឿងត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញប្រគល់ ជូនដល់ក្រុមគ្រូពេទ្យសម្រាប់បម្រើការងារលើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ។
ពិធីប្រគល់និងទទួលនេះបានធ្វើឡើងនៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិង លោកងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅសាលារាជធានី។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ថេប្លេត (កុំព្យូទ័រ) ៦៨គ្រឿងដែលប្រគល់ជូនក្រុមគ្រូពេទ្យនេះគឺសម្រាប់បម្រើការងារបញ្ចូលទិន្នន័យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដោយស្ម័គ្រចិត្តនៅទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ទាំង៣៤កន្លែងទូទាំងរាជធានីភ្នំពេញ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញដដែលក៏បានបញ្ជាកផងដែរថា ថេប្លេត ៦៨គ្រឿងនេះ គឺប្រគល់ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ១៤គ្រឿង ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់១៤គ្រឿង និងក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ៤០គ្រឿង។
សូមបញ្ជាក់ថា ដើម្បីបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ខ្លាំងណាស់ ដោយបានប្រគល់ម៉ាស់ អាល់កុល ជែល ម៉ាស៊ីនវាស់កម្តៅស្បៀងអាហារជូនទៅខណ្ឌទាំង១៤ កងកម្លាំងមានសមត្ថកិច្ច និងផ្សារទាំង២៥នៅក្នុងរាជធានីជាច្រើនលើកច្រើនសារួចមកហើយ ជាមួយនិឹងការណែនាំឲ្យអាជ្ញាធរខណ្ឌ ទាំង១៤ធ្វើការផ្សព្វផ្សាយអំពីវិធានការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ជំងឺនេះទាំងអស់គ្នា ពិសេសគឺការអនុវត្តឱ្យបានវិធានការ”៣កុំនិង៣ការពារ”៕
សំរិត