ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយកម្លាំងប្រជាពលរដ្ឋបានធ្វើការឃាត់ខ្លួនភ្លាមៗបន្ទាប់ពីធ្វើសកម្មភាពលួចយកម៉ូតូអ្នកភូមិរួចមក។
ការឃាត់ខ្លួនជនសង្ស័យនោះសមត្ថកិច្ចបានសហការធ្វើឡើងនៅវេលាម៉ោង១៥ៈ០០នាទីថ្ងៃទី០៣ខែមេសាឆ្នាំ២០២១
ត្រង់ចំណុចភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ការបង្ក្រាបនោះដែរក៏មានការសម្របសម្រួលនីតិវិធីពីលោករ៉ា បូរ៉ាន់ឌីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តផងដែរ ហើយបានឃាត់ខ្លួនជនសង្ស័យឈ្មោះ សឿន ឡាំ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជាំធំ ឃុំស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង មុខរបរធ្វើចម្ការ ។
ជាមួយនឹងប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យនេះសមត្ថកិច្ចដកហូតបានម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រឹមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៨ ។
ក្រោយឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងកំពុងឃាត់និងរក្សាទុកបណ្តោះអាសន្ននៅការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាលដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរីចាត់ការតាមច្បាប់៕