ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ បានបន្ដចុះពិនិត្យការអនុវត្តវិធានការរដ្ឋបាលកំណត់មិនឲ្យធ្វើដំណើរចាប់ពីម៉ោង៨យប់ដល់ម៉ោង៥ភ្លឺ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញរយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
វិធានការរដ្ឋបាលនេះត្រូវបានដាក់ចេញដោយរដ្ឋបាលរាជធានីភ្នំពេញរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១ ខែមេសា ដល់១៤មេសាឆ្នាំ២០២១ដែលជាវិធានការរដ្ឋបាលថ្មីមួយដើម្បីទប់ស្កាត់ និងបង្ការការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
សម្រាប់អ្នកដែលមិនគោរពតាមបម្រាមគោចរនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវដកហូតមធ្យោបាយធ្វើដំណើរ។បន្ទាប់ពីដកហូតមធ្យោបាយធ្វើដំណើរហើយនោះ ម្ចាស់ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅក្នុងផ្ទះរៀងៗខ្លូន។ នៅពេលធ្វើចត្តាឡីស័ក អាជ្ញាធរមូលដ្ឋានត្រូវតាមដានត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ហើយក្នុងករណីអនុវត្តមិនបានត្រឹមត្រូវតាមការណែនាំទេនោះ នឹងត្រូវអនុវត្តនូវការផាកពិន័យតាមច្បាប់តែម្ដង។
ដោយឡែក បុគ្គលដែលបម្រើការងារនៅស្ថាប័នរដ្ឋ និងឯកជនដែលចេញពីធ្វើការក្រោយម៉ោង៨យប់ ស្ថិតក្នុងបម្រាមគោចរដែលបានដាក់ចេញនេះ គឺត្រូវមានលិខិតបញ្ជាក់ពីប្រធានអង្គភាពឬក្រុមហ៊ុន និងតម្រូវឲ្យពាក់កាតជាប់ខ្លួនជានិច្ចពេលធ្វើដំណើរ។ សម្រាប់ប្រជាពលរដ្ឋទូទៅដែលត្រូវធ្វើដំណើរបន្ទាន់ភ្លាមៗមិនអាចខានបាន ត្រូវផ្ដល់ដំណឹងជាមុនដល់ចៅសង្កាត់ ឬអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យចៅសង្កាត់ឬអាជ្ញាធរមូលដ្ឋានងាយស្រួលប្រាប់ទៅតាមគោលដៅត្រួតពិនិត្យនៅតាមដងផ្លូវ ទើបអាចធ្វើដំណើរបានដោយគ្មានការហាមឃាត់។
ក្នុងករណីប្រជាពលរដ្ឋត្រូវការធ្វើដំណើរពេលយប់ក្នុងម៉ោងដែលត្រូវហាមឃាត់ (មិនបន្ទាន់តែមានកំណត់វេលាច្បាស់លាស់) ត្រូវសុំលិខិតបញ្ជាក់ និងមានវាយត្រាពីចៅសង្កាត់ ឬអាជ្ញាធរមូលដ្ឋាន ដោយប្រាប់អំពីមូលហេតុ និងគោលបំណងនៃការធ្វើដំណើរដើម្បីបង្ហាញជូនសមត្ថកិច្ចនៅតាមគោលដៅត្រួតពិនិត្យ៕
សំរិត