កាន់តែបារម្ភក្រោយស្ថានភាពជំងឺកូវីដ-១៩របស់ភរិយាកវី ជុំ ប៊ុនធឿនធ្វើទុក្ខខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ មានការបញ្ជាក់នៅព្រឹកថ្ងៃទី០៧ ខែមេសានេះថា ស្ថានភាពសុខភាពរបស់លោកស្រី ប្រាក់ ផល្លី ភរិយាបណ្តូលចិត្តរបស់អ្នកនិពន្ធទំនុកច្រៀងដ៏ល្បីល្បាញនៅកម្ពុជា លោក ជុំ ប៊ុនធឿន កំពុងស្ថិតក្នុងស្ថានភាពគួរឲ្យបារម្ភខ្លាំង ក្រោយពីជំងឺធ្វើទុក្ខ និងពិបាកដកដង្ហើម ដែលការបញ្ជាក់ចុងក្រោយពីសាច់ញាតិបានលើកឡើងថា គាត់ត្រូវពឹងលើម៉ាស៊ីនជំនួយដង្ហើមទាំងស្រុង។
ស្ថានភាពនេះបានបង្កើតឲ្យមានក្តីបារម្ភកាន់តែខ្លាំង ដែលមានតែការបួងសួងសុំឲ្យលោកស្រីឆ្លងផុតដំណាក់កាលដ៏លំបាកមួយនេះ។ កន្លងទៅនេះលោកស្រី ប្រាក់ ផល្លី ភរិយាសពលោក ជុំ ប៊ុនធឿន នោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សីភ្លាមៗព្រោះតែជំងឺកូវីដ-១៩ធ្វើទុក្ខខ្លាំងកាលពីចុងខែមីនាកន្លងទៅនេះ។ខណៈដែលកូនស្រីពៅរបស់គាត់ក៏ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរបន្ទាប់ពីរកឃើញវិជ្ជមានជំងឺមួយនេះមក។ ធ្លាប់មានការបង្ហើបអំពីដំណើរការជួបការលំបាកខ្លាំងក្នុងជីវភាពអស់រយៈពេលជាង១០ឆ្នាំហើយក្រោយកវីល្បីឈ្មោះលោក ជុំ ប៊ុនធឿន បានលាចាកលោក។ ស្ថានភាពក្រុមគ្រួសារប្រឈមនឹងការលំបាកច្រើនព្រោះតែលោកស្រីប្រាក់ ផល្លី ក៏បានចូលនិវត្តន៍ពីការងារ និងត្រូវរ៉ាប់រងជីវភាពក្នុងគ្រួសារតែម្នាក់ឯង ហើយអ្វីដែលកាន់តែពិបាកទទួលយកនោះគឺកូនស្រីទី២របស់លោកស្រីជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតក្រោយពីមរភាពរបស់ស្វាមីលោកស្រីត្រឹមតែមួយឆ្នាំប៉ុណ្ណោះ។ ក្រុមគ្រួសារលោកស្រីត្រូវបានគេបំភ្លេចចោល ខណៈដែលសមាជិកក្រុមគ្រួសារមានភាពខ្មាសអៀនក្នុងការបញ្ចេញអត្តសញ្ញាណកវីល្បីឈ្មោះដើម្បីស្នើសុំជំនួយណាមួយពីសប្បុរសជន ឬផលិតកម្ម និងសិល្បករដែលធ្លាប់បំពេញការងាររួមគ្នាជាមួយលោក ជុំ ប៊ុនធឿន ដែលសូម្បីតែការសាកសួរសុខទុក្ខក៏គ្មាន។ ពេលនេះសាច់ញាតិ មានតែការបួងសួងសុំឲ្យវត្ថុស័ក្កិសិទ្ធិ តាមថែរក្សាបីបាច់ឲ្យភរិយាលោក ជុំ ប៊ុនធឿនមានសុខភាពល្អឡើងវិញប៉ុណ្ណោះ។
គួរបញ្ជាក់ដែរថា លោក ជុំ ប៊ុនធឿនធ្លាប់បានសាងស្នាដៃលេចធ្លោក្នុងផលិតកម្មហង្សមាសអស់ជាច្រើនឆ្នាំ ពិសេសការនិពន្ធទំនុកច្រៀងល្បីល្បាញ និងមានអត្ថន័យជ្រាលជ្រៅចាក់ចំក្រអៅបេះដូងទស្សនិកជនដែលស្តាប់ហើយមិនជិនណាយ ដូចជាបទ”ថ្ងៃបាក់រសៀល” “ខ្លុយស្នេហ៍ត្នោតទេរ” បទ “ថ្នម” “ស្រក់ទឹកភ្នែកពីភ្នំពេញដល់បាត់ដំបង” “ស្ងប់ចិត្ត”ម៉ឺនយោជស្នេហ៍” ជាដើម។ លោក ជុំ ប៊ុនធឿន បានទទួលមរណភាពកាលពីឆ្នាំ២០០៧ ។ ស្នាដៃនិពន្ធរបស់លោកធ្លាប់លើកមុខមាត់តារាចម្រៀងកំពូលៗនៅកម្ពុជាឲ្យលេចត្រដែតនោះ មានដូចជា លោកព្រាប សុវត្ថិ លោក ណុប បាយ៉ារិទ្ធិ អ្នកនាង គឹម លក្ខិណា អ្នកនាង ពេជ្រ សោភា ជាដើម ។ ប្រភពដែលទម្លាយរឿងនេះបានលើកឡើងដែរថា អ្វីដែលលោកស្រីចង់បានគឺការជួយផ្តល់ជាកម្លាំងចិត្តពីចម្ងាយ ការសាកសួរសុខទុក្ខពីក្រុមសិល្បករ ផលិតករ ផលិតកម្មដែលធ្លាប់បានស្គាល់អ្នកនិពន្ធល្បីល្បាញរូបនេះផង ៕


ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print