ខេត្តកណ្តាលៈ រថយន្តនីសាន់ណាវ៉ារ៉ាបើកបោះពួយបុកបុរសម្នាក់កំពុងជិះម៉ូតូបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរស្លាប់ភ្លាមៗមួយរំពេចនៅកន្លែងកើតហេតុ កាលពីវេលាម៉ោង១២ និង៣០នាទីរំលោងអធ្រាតឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវជាតិលេខ២១B ត្រង់ចំណុចខាងត្បូងសណ្ឋាគារត្រានីកា ប្រមាណ១៥ម៉ែត្រ ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
ក្រោយពីមានហេតុការណ៍កើតឡើងរថយន្តបង្ក បានព្យាយាមបើកគេចខ្លួនដោយបន្សល់ទុកស្លាក់លេខខាងមុខនៅកន្លែងកើតហេតុ ហើយសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតឈានដល់រកឃើញរថយន្តនៅក្នុងបរិវេណមន្ទីរពេទ្យរុស្សីក្នុងរាជធានីភ្នំពេញ គ្រាដែលអ្នកបើកបរគេចខ្លួនបាត់ស្រមោល ។
រថយន្តបង្កម៉ាកនីសាន់ណាវ៉ារ៉ា (NISAN NAVARA) ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AA-7993 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ។ ជនរងគ្រោះឈ្មោះ ម៉ក់ សំអឿន ភេទប្រុស អាយុ៤៥ឆ្នាំ ជាមន្ត្រីយោធា បម្រើការងារនៅអង្គភាពកងពលតូចលេខ៩៩ មានទីលំនៅភូមិព្រៃឃ្នេស ឃុំព្រៃឃ្នេស ស្រុកមេសា ខេត្តព្រៃវែង ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BD-1137 ។
សាក្សីនិយាយថា នៅមុនពេលកើតហេតុរថយន្តបង្កម៉ាកនីសាន់ណាវ៉ារ៉ាបានបើកបោះពួយយ៉ាងលឿនតាមបណ្តោយផ្លូវជាតិលេខ២១ក្នុងទិសដៅពីត្បូងទៅជើង (ពីស្រុកស្អាងឆ្ពោះមកក្រុងតាខ្មៅ) ខណៈបើកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកជនរងគ្រោះកំពុងជិះម៉ូតូក្នុងទិសដៅបញ្ច្រាសគ្នាពេញមួយទំហឹង បណ្តាលឲ្យជនរងគ្រោះស្លាប់មួយរំពេច ។
ក្រោយពីមានហេតុការណ៍កើតឡើងរថយន្តបង្កមិនបានឈប់នៅនិងកន្លែង ដើម្បីទទួលខុសត្រូវនោះទេ ពោលគឺបានព្យាយាមបើកឆ្ពោះទៅទីសខាងជើង គ្រាដែលស្លាកលេខមុខជ្រុះនៅកន្លែងកើតហេតុ ។ ភ្លាមៗនោះដែរអ្នករត់ម៉ូតូឌុបឃើញហេតុការណ៍បានជិះម៉ូតូដេញតាមរហូតដល់ចំណុចមន្ទីរពេទ្យរុស្សីក្នុងរាជធានីភ្នំពេញ ក៏ប្តឹងសមត្ថកិច្ចនគរបាលឲ្យជួយអន្តរាគមន៍ ។ ពេលសមត្ថកិច្ចចុះទៅដល់រថយន្តបង្កត្រូវបានម្ចាស់ដោះស្លាកលេខក្រោយចេញពីរថយន្ត រួចគេចខ្លួនបាត់ស្រមោល ។
បច្ចុប្បន្នរថយន្តបង្កត្រូវបានសមត្ថកិច្ចនគរបាលជំនាញក្រុងតាខ្មៅ សហការជាមួយនគរបាលខណ្ឌចំការមន ហៅរថយន្តស្ទូចនាំយកមករក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ រួមជាមួយម៉ូតូជនរងគ្រោះ ដើម្បីចាត់ការតាមច្បាប់ ។ ចំណែកឯសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតខេត្តព្រៃវែងវិញ ៕ស្អាងជ័យ
បុកមនុស្សស្លាប់នៅក្រុងតាខ្មៅបើករថយន្តយកទៅលាក់ នៅក្នុងបរិវេណមន្ទីរពេទ្យរុស្សី
...