ប៉ះគ្នាមួយប្រាវរបួសធ្ងន់ម្នាក់ គ្រាដែលបង្រ្កាបបទល្មើសជលផល

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ តៃកុងកាណូតរបស់សមត្ថកិច្ចការពារកន្លែងអភិរក្សជលផលម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យរាជធានីភ្នំពេញ នៅគ្រាដែលចុះបង្រ្កាបបទល្មើសនេសាទកំពុងប្រព្រឹត្តជាក់ស្ដែង ប៉ុន្តែត្រូវបានកាណូតក្រុមជនល្មើសបើកបុក ។

 ហេតុការណ៍អ្នកបើកបរកាណូតរងរបួសនេះ បានកើតឡើងនៅវេលាម៉ោង១០ និង៤០នាទី យប់ថ្ងៃពុធ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចក្នុងកន្លែងអភិរក្សជលផលអតីត(ឡូត៍នេសាទលេខ៦)ស្ថិតនៅភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

 ប្រភពព័ត៌មានពីមន្រ្តីកងកម្លាំងប្រដាប់អាវុធ ដែលយាមកាមការពារនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ជនរងរបួសឈ្មោះ ឡេង ពេជ្រ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ.ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ជាប្រជាពលរដ្ឋ និងជាអ្នកបើកបរកាណូតឲ្យមន្រ្តីរដ្ឋបាលជលផល(សង្កាត់រដ្ឋបាលជលផលកណ្ដៀង)។

 ប្រភពដដែលបន្តទៀតថា ក្រុមសមត្ថកិច្ចល្បាតការពារកន្លែងអភិរក្សជលផល ប្រទះឃើញក្រុមជនប្រព្រឹត្តបទល្មើសនេសាទ ដោយប្រើប្រាស់នូវឧបករណ៍អួនកែច្នៃអូសទាញដោយកាណូតច្រើនគ្រឿង     ជនរងរបួស(ឡេង ពេជ្រ)និងមន្រ្តីយោធា១នាក់ដែលប្រចាំការជាមួយមន្រ្តីរដ្ឋបាលជលផលចេញទៅជួយ ដោយក្រុមជនប្រព្រឹត្តបទល្មើសប្រើប្រាស់នូវកាណូតទំនើបៗល្បឿនលឿន និងមានសាម៉ែលមើលទីងងឹតផងនោះ បានបើកកាណូតមកបុកទាំងកម្រោលបណ្ដាលឲ្យចំជនរងគ្រោះធ្លាក់ទឹក ថែមទាំងមុតនឹងស្លាបចាក់កាណូតបាក់ឆ្អឹងត្រគៀកធ្ងន់ ដោយកម្លាំងច្រើនស្ថាប័នចេញជួយអន្តរាគមន៍ ផ្ទុះអាវុធមួយប្រាវទើបក្រុមជនល្មើសបើកកាណូតគេចបាត់អស់ ដោយបន្សល់នូវវត្ថុតាងអួនកែច្នៃចំនួន៣វង់ ។

 ប្រភពបញ្ជាក់បន្តទៀតថា ភ្លាមៗនោះសមត្ថកិច្ចបញ្ជូនតៃកុងកាណូតមកសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ប៉ុន្តែដោយរបួសធ្ងន់ធ្ងរពេក ក្រុមគ្រូរពេទ្យសម្រួលបញ្ជូនបន្តទៅមន្ទីររាជធានីភ្នំពេញ ចំពោះក្រុមមុខសញ្ញាជាជនជាតិវៀតណាម មកពីតំបន់ចុងភ្នាសនៃខេត្តសៀមរាប សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធខេត្តពោធិ៍សាត់ និងខេត្តសៀមរាបសហការគ្នាស្រាវជ្រាវដើម្បីរកក្រុមជនល្មើសយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

   

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print