ខេត្តត្បូងឃ្មុំ ៖ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យនៅតាមបណ្តាគោលដៅដែលកំពុងយាមការពារនៅតាមបណ្តាស្រុកជាប់ព្រំប្រទល់ខេត្តក្រចេះស្ថិតនៅក្នុង៣ស្រុក គឺស្រុកមេមត់ ស្រុកតំបែរ និងស្រុកក្រូចឆ្មារ។
ក្នុងពេលចុះពិនិត្យកងកម្លាំងកំពុងបំពេញការងារនោះលោកក៏បាននាំយកអំណោយរបស់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តនិងជាប្រធានគណ:បញ្ជាការរដ្ឋបាលខេត្តត្បូងឃ្មុំ ចែកជូនដល់កងកម្លាំងនគរបាល និងមន្រ្តីពាក់ព័ន្ធមួយចំនួនផងដែរ ខណ:កំពុងត្រួតពិនិត្យចរាចរណ៍ចេញ-ចូល ២៤ម៉ោងលើ២៤ម៉ោង តាមបណ្តាព្រំប្រទល់ស្រុកជាប់ខេត្តនានាដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។ ក្រៅពីនេះលោកបានអញ្ជើញទៅពិនិត្យសួរសុខទុក្ខបងប្អូននិវត្តជនដែលកំពុងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅក្នុងស្រុកក្រូចឆ្មារ និងបន្តពិនិត្យកម្លាំងនគរបាលដែលកំពុងការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈនិងចរាចរណ៍ចេញ-ចូលនៅគល់ស្ពានគីហ្សូណា ត្រើយខាងកើតផងដែរ។
អំណោយដែលចែកជូននាពេលនោះសរុបមានចំនួន៨០កញ្ចប់ ស្មើនឹង ៥គោលដៅ (ស្រុកមេមត់២គោលដៅ ចំនួន២៥កញ្ចប់ ស្រុកតំបែរ១គោលដៅ ចំនួន១៦កញ្ចប់ និង ស្រុកក្រូចឆ្មារ ២គោលដៅចំនួន៣៩កញ្ចប់ ជាប់ព្រំប្រទល់ខេត្តក្រចេះ) ។ ក្នុងកញ្ចប់នីមួយៗ មាន ថវិកាចំនួន ៥០,០០០ រៀល ទឹកបរិសុទ្ធចំនួន២យួរ មី១កេសតូច
ជែលលាងដៃចំនួន១ដប អាល់កុលចំនួន ២ដបតូច ក្រមាចំនួន១ និងម៉ាស់១ប្រអប់តូច ។
លោកឧត្តមសេនីយ៍ស្នងការបានក្រេីនរំលឹកប្រសាសន៍របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងយន្តការប្រយុទ្ធប្រឆាំងការរីករាលជំងឺកូវីដ-១៩ដែលត្រូវអនុវត្តដូចជា ៖ ថែទាំសុខភាព រក្សាគម្លាត ការផ្អាកឆ្លងព្រំប្រទល់ខេត្តនានាជាបណ្តោះអាសន្ន ដោយអនុវត្តវិធានការ របស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ៣ការពារ ៣កុំ ៕
ដោយ៖ វណ្ណៈ