គោញី១ក្បាលដើរសុីស្មៅតាមដងអូរបានជាន់ពីលើមីនផ្ទុះរងរបួសធ្ងន់ជើងស្ដាំខាងក្រោយ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ មានសត្វគោញី១ក្បាល ក្នុងចំណោមសត្វគោជាច្រើនក្បាល របស់អ្នកភូមិ បានដើរជាន់មីនស្គរ ដែលកប់នៅក្នុងដី សេសសល់ពីសម័យសង្គ្រាម បណ្តាលឱ្យរងរបួសជើងឆ្វេងផ្នែកខាងក្រោយ ត្រូវបានអ្នកភូមិឃើញ ក៏ប្រាប់ម្ចាស់ឱ្យដឹកយកទៅផ្ទះ ខណ:គេព្រលែងឱ្យដើរស៊ីស្មៅនៅជាប់មាត់អូរក្បែរជើងភ្នំជារៀងរាល់ថ្ងៃមិនមានអ្វីកើតឡើង ។

តែក្រោយពីឃើញសត្វគោផ្ទុះមីនរងរបួស១ក្បាលអ្នកភូមិម្នាក់ៗ ដែលធ្លាប់ដើរឃ្វាលគោនៅចំណុចខាងលើ ព្រលឹងចុងសក់ ។
ហេតុការណ៍ សត្វគោញី១ក្បាល ដើរស៊ីស្មៅក្បែរជើងភ្នំជាប់មាត់អូរ បណ្តាលឱ្យផ្ទុះដាច់ជើងឆ្វេងផ្នែកខាងក្រោយនេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង៣០នាទីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិថ្នល់កែង ឃុំសាលាក្រៅ ខេត្តប៉ៃលិន ។

ប្រភពព័ត៌មាន ពីសមត្ថកិច្ចនគរបាល នៃអធិការស្រុកសាលាក្រៅ បានឱ្យដឹងថា ៖ មានអ្នកភូមិម្នាក់ បានឃ្វាលហ្វូងគោជាច្រើនក្បាលរបស់ខ្លួន ដោយព្រលែងឱ្យដើរស៊ីស្មៅក្បែរមាត់អូរ ជាប់នឹងជើងភ្នំដោះក្រមុំ ដូចសព្វមួយដង ។

តែតាំងពីយូរមកហើយ មិនមានបញ្ហាអ្វីកើតឡើងនោះទេ ខណ:នៅចំណុចខាងលើ ក៏មិនទាន់មានអង្គភាពកំចាត់មីនណាមួយ ចូលទៅរាវរកគ្រាប់មីននោះដែរ ។

ប្រភពបន្តទៀតថា ស្របពេលដែលមេឃបានបង្អុរភ្លៀង ជោកជាំជាច្រើនមេ ធ្វើឱ្យដីនៅក្បែរជើងភ្នំ ជាប់មាត់អូរខាងលើ ទៅជាទន់ជ្រាយ លុះសត្វគោដើរស៊ីស្មៅនៅទីនោះចុះឡើងៗ ក៏ជាន់ទៅលើគ្រាប់មីនស្គរដែលសេសសល់ ពីសម័យសង្គ្រាម បណ្តាលឱ្យផ្ទុះរងរបួសជើងឆ្វេងតែម្តង ។

ក្រោយពេលកើតហេតុ ម្ចាស់គោខាងលើ បានដឹកសត្វគោរបស់ខ្លួនឆ្លងទឹកអូរបម្រុងទៅផ្ទះ តែដោយសាររបួសធ្ងន់ មិនដឹងបន្តដើរឆ្លងបាន ក៏ដេកនៅក្នុងអូរ រហូតដល់ម្ចាស់ហៅអ្នកភូមិឱ្យជួយគាស់ ដឹកតាមរថយន្តយកទៅផ្ទះ ដើម្បីលក់ឱ្យខាងទីសត្វឃាតនៅព្រឹកតតតតតថ្ងៃដដែល ។
បន្ទាប់ពីឃើញសត្វគោ១ក្បាលដើរជាន់លើមីនស្គរផ្ទុះរងរបួសបែបនេះ អ្នកភូមិជាច្រើនមានការ ព្រួយបារម្ភ ពីសុវត្ថិភាព ដោយម្នាក់ៗ មិនចង់ដើរតាមមាន់អូរត្រង់កន្លែងកើតហេតុនោះទេ ក្រែងមានគ្រាប់មីនសេសសល់នៅទីនោះច្រើនទៀត បង្កគ្រោះថ្នាក់ដល់ពួកគាត់ ។

អ្នកភូមិ ក៏សំណូមពរឱ្យអាជ្ញាធរមូលដ្ឋាន ផ្តល់ដំណឹងនេះ ដល់ខាងអង្គភាពកំចាត់មីន ដើម្បីចូលទៅរាវរកគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនៅចំណុចខាងលើ ដើម្បីឱ្យពួកគាត់ អាចប្រកបរបរចំការ ដោយមិនខ្លាចញញើតផងដែរ ៕

...

ដោយ៖ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print