លោក ឃួង ស្រេង នាំយកអំណោយសម្ដេចតេជោចែកជូនបងប្អូនកម្មករ កម្មការិនីរោងចក្រចំនួន២៣៣១គ្រួសារ ដែលត្រូវបានធ្វើចត្ដាឡីស័កនៅទីតាំងផ្ទះជួលក្នុងភូមិត្រពាំងថ្លឹងទី២ ខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខ និងចែកអំណោយសម្ដេចតេជោជូនបងប្អូនកម្មករ កម្មការិនីកំពុងធ្វើចត្ដាឡីស័ក ដើម្បីបង្ការទប់ស្កាត់នូវជំងឺកូវីដ-១៩ ស្ថិតនៅភូមិត្រពាំងថ្លឹងទី២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ចំនួន២៣៣១គ្រួសារ កាលពីរសៀលថ្ងៃទី ១១ មេសា ឆ្នាំ២០២១ ។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានធ្វើការផ្ដាំផ្ញើទៅបងប្អូនពលរដ្ឋ និងកម្មករទាំងអស់ដែលកំពុងធ្វើចត្ដាឡីស័កនេះ មិនគួរទៅទំនាក់ទំនងគ្នា ជជែកគ្នា ឬសួរសុខទុក្ខគ្នាពីផ្ទះមួយទៅផ្ទះមួយនោះទេ គឺត្រូវស្នាក់នៅក្នុងផ្ទះរបស់ខ្លួនឲ្យដាច់ដោយឡែកពីគ្នាដើម្បីកាត់បន្ថយឲ្យបាននូវការឆ្លងរាលដាលជំងឺកូវីដ-១៩ទាំងអស់គ្នា ។
នេះជាការអំពាវនាវ ក៏ដូចជាការស្នើសុំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែលលោកចុះចែកអំណោយរបស់សម្ដេចតេជោជូនបងប្អូនកម្មករ កម្មការិនីរោងចក្រចំនួន២៣៣១ គ្រួសារ ក្នុងពេលបងប្អូនកំពុងធ្វើចត្ដាឡីស័ក ដើម្បីបង្ការទប់ស្កាត់នូវជំងឺកូវីដ-១៩ នៅទីតាំងផ្ទះជួលចំនួន ២៥៦០កន្លែង នៅក្នុងភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ ការបិទខ្ទប់លំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋគឺធ្វើឡើងដោយការបង្ខំចិត្ត ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។ ដូច្នេះសូមបងប្អូនមេត្តាយោគយល់ ។
ម្យ៉ាងវិញទៀត ខណៈបងប្អូនកំពុងបិទភូមិឋាននេះ បងប្អូនដាច់ខាតមិនគួរធ្វើទំនាក់ទំនង ជជែកគ្នាលេងឬសាកសួរសុខទុក្ខគ្នាពីផ្ទះមួយទៅផ្ទះមួយនោះទេ ។ យើងគួររួមគ្នាទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា ខណៈដែលជំងឺនេះ បាននិងកំពុងរីករាលដាល និងបានធ្វើឲ្យបងប្អូនកម្មករកម្មការិនីរបស់យើងចំនួន២៣៣១គ្រួសារ ជួបការលំបាក មិនអាចចេញទៅប្រកបកិច្ចការងារខាងក្រៅបាន ដូច្នេះ
ហើយត្រូវរួមគ្នាទបស្កាត់នៃការឆ្លងនូវជំងឺដ៏កាចសាហាវមួយនេះឲ្យបានទាំងអស់គ្នា ។
លោកឃួង ស្រេង បានបញ្ជាក់ថា ៖អំណោយដែលបងប្អូនកម្មករ កម្មការិនី ទាំង២៣៣១គ្រួសារទទួលបាននេះជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែនដោយក្នុងមួយគ្រួសារទទួលបានថវិកា ៣០ម៉ឺនរៀល អង្ករ២៥គីឡូក្រាម ត្រីខ ២០កំប៉ុង និងមី១កេស ។

សូមបញ្ជាក់ថា ៖ សម្ដេចតេជោនាយករដ្ឋមន្ត្រី កាលពីម្សិលមិញ បានដាក់បទបញ្ជាមួយចំនួនដល់អាជ្ញាធររាជធានី-ខេត្ត អនុវត្តនូវការងារមួយចំនួនពាក់ព័ន្ធនិឹងជំងឺកូវីដ-១៩ ក្នុងនោះ ៖ ១-គ្រួសារមានសមាជិកស្លាប់ដោយកូវីដ-១៩ រដ្ឋនឹងជួយបង់ថ្លៃទឹកនិងថ្លៃអគ្គិសនី រយៈពេល៥ខែ និងផ្តល់ថវិកា១០លាន រៀល និងអង្ករ១០០គីឡូក្រាម ។ ២-គ្រួសារដែលមានសមាជិកទទួលរងកូវីដ-១៩ រដ្ឋនឹងជួយបង់ថ្លៃទឹកស្អាត និងថ្លៃអគ្គិសនីរយៈពេល៣ខែ ។ ៣-គ្រួសារដែលត្រូវធ្វើចត្តាឡីស័ក រដ្ឋនឹងឧបត្ថម្ភថវិកា៣០ម៉ឺន/គ្រួសារ និងបង់ជំនួសនូវថ្លៃប្រើប្រាស់ទឹក ,អគ្គិសនីក្នុងរយៈពេល ២ខែ ,អ្នកនៅក្រៅតំបន់ធ្វើចត្ដាឡីស័ក ទទួលបានដូចគោលការណ៍ខាងលើដែរ ។ អ្នកនៅក្នុងតំបន់បិទខ្ទប់ រដ្ឋនឹងផ្ដល់បន្ថែមនូវអង្ករ ២៥Kg មីមួយកេសតូច និងត្រីខ២០កំប៉ុង សម្រាប់ក្រុមគ្រួសារនីមួយៗ ។ កម្មករ-កម្មការិនី ដែលពាក់ព័ន្ធនឹងកូវីដ-១៩ និងពាក់ព័ន្ធជាមួយនឹងការធ្វើចត្តាឡីស័ក រដ្ឋនឹងបង់ជំនួសនូវថ្លៃទឹក និងថ្លៃអគ្គិសនីក្នុងរយៈពេល២ខែ បើនៅម្នាក់ឯងក៏ត្រូវចាត់ទុកថាមួយគ្រួសារផងដែរ ៕

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print