នៅថ្ងៃទី១២ខែមេសា ជប៉ុនបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង ប្រឆាំងកូវីដ១៩ជូនពលរដ្ឋមានវ័យចំណាស់ រហូតដល់ទៅ៣៦លាននាក់ ដែលជាអាទិភាពទីពីរបន្ទាប់ពីបុគ្គលិកសុខាភិបាល ។
វ៉ាក់សាំងដែលជប៉ុនប្រើគឺជាប្រភេទ Pfizer/BioNTech ។ តាមការប្រកាសរបស់ ប្រធានការិយាល័យគណៈរដ្ឋមន្ត្រីជប៉ុន លោក Katsunobu Kato បានបង្ហាញក្តីសង្ឃឹមថា នឹងមានវ៉ាក់សាំង គ្រប់គ្រាន់ចាក់ជូនពលរដ្ឋមានវ័យចំណាស ៣៦លាននាក រហូតដល់ខែមិថុនាឆ្នាំ២០២១។ វ៉ាក់សាំង Pfizer/BioNTech បានអនុម័តឲ្យចាក់ជូនបុគ្គលិកមន្ត្រីសុខាភិបាល តាំងពីខែកុម្ភៈឆ្នាំ២០២១ ហើយមកទល់ពេលនេះមានបុគ្គលិកសុខាភិបាល១,៥លាននាក់ហើយបានចាក់វ៉ាក់សាំង ។
ដោយឡែកនៅក្នុងប្រទេសម៉ាឡេស៊ីវិញ ពលរដ្ឋមានវ័យចាស់ចាប់ពី ៦០ឆ្នាំឡើងទទួលបានការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ពីក្រុមហ៊ុន Sinovac ក្រោយពេលពិនិត្យឃើញថា វ៉ាក់សាំងនេះមានសុវត្ថិភាព និងប្រសិទ្ធភាពចំពោះមនុស្សចាស់ ។
អាជ្ញាធរសុខាភិបាលម៉ាឡេសុី បានសម្រេចដូចខាងលើ បន្ទាប់ពីធ្វើការវាយតម្លៃយ៉ាងហ្មត់ចត់ ចំពោះទិន្នន័យ ថ្មីចុងក្រោយ រួមទាំងទិន្នន័យបានមកពីបណ្តាប្រទេសដទៃៗទៀតដែលបង្ហាញថា វ៉ាក់សាំង Sinovac ពិតជាមានសុវត្ថិភាព ប្រសិទ្ធភាព សម្រាប់មនុស្សចំណាស់ៗ ដែលមានវ័យចាប់ពី ៦០ឆ្នាំឡើងទៅ។ វ៉ាក់សាំង Sinovac នឹងប្រើប្រាស់ក្នុងយុទ្ធនាការ ចាក់វ៉ាក់សាំងដំណាក់កាលទីពីរនេះ ព្រមជាមួយវ៉ាក់សាំង Pfizer-BioNTech ដែរ។
ម៉ាឡេសុីទទួលបានវ៉ាក់សាំង COVID-19 សរុប ១.២លានដូស សម្រាប់ដំណាក់កាលទី១ ដែលភាគច្រើនជាវ៉ាក់សាំង Pfizer-BioNTech និង ២សែនដូសជារបស់ Sinovac។ ក្នុងខែមេសានេះ ម៉ាឡេសុីត្រូវគេរំពឹងថា នឹងទទួលបានវ៉ាក់សាំង Sinovac បាច់ទីពីរចំនួន ២.៥លានដូស ខណៈម៉ាឡេសុីរំពឹងថា នឹងទទួលបានវ៉ាក់សាំង Sinovac សរុប ១៣លានដូស រហូតដល់ខែកញ្ញាខាងមុខ៕
រូបភាព៖ VOV