រណ្តាប់ទទួលទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ គ្រឹស្តសករាជ ២០២១

ចែករំលែក៖

ភ្នំពេញ៖ប្រជាពលរដ្ឋខ្មែរនឹងបានស្វែងយល់ពីពិធីបុណ្យចូលឆ្នាំថ្មី នាឆ្នាំនេះ តើមានសាវតានិងត្រូវមានរណ្តាប់ទទួលទេវតាអ្វីខ្លះ?
ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ គ្រឹស្តសករាជ ២០២១ នៅថ្ងៃពុធ៣កើត ខែពិសាខ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នា២០២១ វេលាម៉ោង៤គត់ ហើយមាន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២១។
តាមសៀវភៅសង្ក្រាន្តឆ្នាំថ្មី របស់លោក អ៉ឹម បុរិន្ទ នាយកនៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរមហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ គ្រឹស្តសករាជ ២០២១ បានបញ្ជាក់ថា ព្រះពុទ្ធសករាជព្រះសាសនា អតិក្កន្តាកន្លងទៅហើយបាន២៥៦៤ ត្រឹមថ្ងៃចន្ទ១៥កើត ខែពិសាខ លុះដល់ថ្ងៃអង្គារ ១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក តទៅចូលពុទ្ធសករាជ២៥៦៥។
ពេលនោះព្រះអាទិត្យចេញពីមីនរាសីទៅឋិត នៅឯមេសរាសីតាមផ្លូវគោវិថី គឺផ្លូវកណ្តាលមានទេវធីតាមួយព្រះអង្គ ជាមគ្គនាយិកាព្រះនាម មណ្ឌាទេវី ជាបុត្រីទី៤ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកាទ្រង់អម្ពរពណ៌អន (ខៀវខ្ចី) លម្អនៅព្រះកាណ៌ ដោយសៀតផ្កាចម្បា អភរណៈកែវពិទូរ្យ ភក្សាហារទ្រង់សប្បិ (ទឹកដោះ) ព្រះហស្តស្តាំទ្រង់ ម្ជុលព្រហស្តឆ្វេងទ្រង់ ឈើច្រត់ ទ្រង់គង់ផ្ទុំបិទព្រះនេត្រ នៅលើខ្នង គទ្រភៈ (សត្វលា) ជាយានពាហនៈ។

ទើបនាំអស់ទេវបុត្រទេវធីតាទាំងមួយ សែនកោដិហោះទៅកាន់ គុហាកែវធម្មមាលីនាទី ភ្នំកៃលាសខេត្តហិមពាន្ត ជាទីតម្កល់ទុកនូវព្រះសិរសា កបិលមហាព្រហ្ម ដែលតំកល់លើពានមាស នាំមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរ ចំនួន៦០នាទី។
ទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញ ហើយប្រជុំទេវបុត្រទេវធីតាទាំងមួយសែនកោដិ ចូលទៅស្រង់ទឹក អនោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ ដែលជាមាត់គោឧសភរាជទាំង៧ត្រជាក់ក្សេមក្សាន្ត ព្រះរាជហឫទ័យហើយនាំគ្នាចូលទៅសមាទាន រក្សាសីលដោយសោមនស្សរីករាយគ្រប់ៗព្រះអង្គ ក្នុងភគវតីសភាសាលាដែលព្រះវិស្សកម្ម ទេវបុត្រនិមិត្តថ្វាយ ដើម្បីបន្ទោបង់អពមង្គលឲ្យជ្រះស្រឡះ ហើយចម្រើននូវសិរីសួស្តី ជ័យមង្គល ជន្មាយុយឺនយូរដល់ទេវតា និងមនុស្សសត្វផងទាំងឡាយ តាំងពីឆ្នាំថ្មីចូលមកនេះបាន ទូលំទូលាយសុខក្សេមក្សាន្តតរៀងទៅ។

ថ្ងៃពុធ៣កើត ខែពិសាខ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នា២០២១ វេលាម៉ោង០៤គត់ ជាថ្ងៃចូលឆ្នាំឆ្លូវ ត្រីស័ក (ជាវារៈមហាសង្ក្រាន្ត) (ក្នុងរាត្រីថ្ងៃអង្គារទី១៣ខែមេសា)

ថ្ងៃព្រហស្បតិ៍ ៤កើត ខែពិសាខ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ.ស.២០២១ ជាវារៈវន័បត។

ថ្ងៃសុក្រ៥កើត ខែពិសាខ ត្រូវនឹងថ្ងៃទី១៦ ខែមេសា គ.ស.២០២១ នៅវេលាម៉ោង០៧៖៣៧នាទី១២វិនាទី ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្តបីថ្ងៃ ស្រេចបរិបូណ៍ចូលជាសកល ឆ្នាំឆ្លូវ ត្រីស័ក មហាសករាជ ១៩៤៣ ចុល្លសករាជ ១៣៨៣ តទៅ។

នៅក្នុងឱកាសសង្ក្រាន្តទាំងបីថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយរៀបចំ ពលិការ គ្រឿងសក្ការបូជា អុចប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ ទេវបុត្រ ទេវធីតាឆ្នាំថ្មី ហើយ ខំលះបងចិត្តអាក្រក់អន្យតិយជាចិត្តអប្រិយ៍ជាប់ ដោយគំនុំគុំគួនព្យាបាទ ឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ ឲ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំឲ្យបានជាប់ជានិច្ច នោះទេវតានឹងឲ្យពរសព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការ។

*អំពីរណ្តាប់ទទួលទេវតា

អស់លោកអ្នកត្រូវរៀបចំរណ្តាប់ទទួលទេវតា តាមទំនៀមពីបុរាណដោយត្រូវរៀបរានទទួលទេវតា នៅខាងមុខផ្ទះមួយសម្រាប់ តាំងគ្រឿងពលីការផ្សេងៗ ។ ត្រូវរៀបក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿងសក្ការបូជា ទេវតាមានជាអាទិ៍បាយសី ៩ថ្នាក់មួយគូបាយសី ៧ថ្នាក់មួយគូបាយសី ៥ថ្នាក់មួយគូបាយសី ៣ថ្នាក់មួយ គូបាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ធូប៥ លាច៥ផ្កា៥ ដាក់លើជើងពាន១គូ ចេកនួនចេកណាំវ៉ាដាក់លើជើងពានមួយគូ ផ្លែឈើ១១មុខ រៀបដាក់ជើងពាន១១គូ ដូងឡៅមួយគូ ទឹក ស្អាតពីរកែវ។
នៅវេលាម៉ោង ដែលទេវតាចុះមកត្រូវជួបប្រជុំក្រុមគ្រួសារ ដើម្បីថ្វាយបង្គំព្រះ នមស្សការព្រះរតនៈត្រ័យ សមាទានសីល ហើយតាំងចិត្តឲ្យបានស្អាតបរិសុទ្ធជ្រះស្រឡះ នូវមន្ទិលទាំងពួង តម្កល់ ចិត្តរំពឹង គិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរឭក លុះចប់ពិធីទទួលទេវតា។

ចំពោះបាយសី៩ថ្នាក់ ៧ថ្នាក់ ជាទំនៀមមានចែង នៅក្នុងសៀវភៅព្ររាជពិធីទ្វារទសមាស និងមានអនុវត្តនៅព្រះបរមរាជវាំង តែចំពោះប្រជារាស្ត្រគួរធ្វើត្រឹម៥ថ្នាក់ ចុះមកឬរៀបត្រឹមគ្រឿងសក្ការបូជា ដែលមានទៀនប្រាំ ធូបប្រាំស្លាធម៌កូនចេកមួយគូក៏ល្មមសមគួរដែរ ។
ចំពោះផ្លែឈើសម្រាប់ប្រជារាស្ត្រគួររៀប ឲ្យបានត្រឹម៣ ឬ៥មុខក៏ជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន។ នៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ ផ្កាម្លិះភួងពីលើគ្រប់ដង្វាយ នៅលើជើងពាន និងលើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺទទួលសិរីសួស្តីឆ្នាំថ្មី ។

យ៉ាងណាការចូលរួមពិធីបុណ្យចូលឆ្នាំថ្មីនាពេលនេះ សូមបងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់មានការប្រុងប្រយ័ត្ននិងចូលរួមទប់ស្កាត់ជំងឺកូវីដ-19ដ៏កាចសាហាវទាំងអស់គ្នាដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្ត៣កុំ ៣ការពារ ឲ្យខាងតែបាន៕

...


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print