ខេត្តបាត់ដំបង៖ មន្ត្រីអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡបានឱ្យដឹងថាមានករណីផ្ទុះគ្រាប់មីនសល់ពីសម័យសង្គ្រាមបានកើតឡើងនៅរសៀលថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចអារី ក្នុងភូមិតានួត ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
បុរសរងគ្រោះមានឈ្មោះស៊ឹម ស៊ូ អាយុ៥២ឆ្នាំ រស់នៅភូមិប៉ែន ឃុំរបស់មង្គល ស្រុកមោងឫស្សី។ មុនគ្រោះថ្នាក់កើតឡើងជនរងគ្រោះបានបើកត្រាក់ទ័រភ្ជួរដីចម្ការឱ្យឪពុកក្មេកនៅចំណុចកើតហេតុក៏ស្រាប់តែជាន់មីនតោនដែលកប់នៅក្នុងដីបណ្តាលឱ្យផ្ទុះកក្រើកដីរងរបួសធ្ងន់តែម្តង ហើយបានស្លាប់ក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែកឯត្រាក់ទ័រប៉ើងក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ។
លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡបានបញ្ជាក់ថាចំណុចកេីតហេតុខាងលើនេះជាអតីតសមរភូមិប្រយុទ្ធគ្នាខ្លាំង ហេីយដីដែលជនរងគ្រោះបានភ្ជួររាស់នេះគឺជាដីថ្មីដែលឪពុកក្មេករបស់គាត់ទេីបកាប់ឆ្ការរានថ្មីរួចចុះភ្ជួរជាលេីកដំបូងទើបជួបគ្រោះថ្នាក់បែបនេះ។
លោកអធិការបន្ថែមថា នៅលើទីតាំងកើតហេតុនេះដែរកន្លងមកខាងអង្គភាពជំនាញដោះមីនមិនទាន់បានរុករក បោសសម្អាតនៅឡេីយ។ ចំពោះបញ្ហាគ្រោះថ្នាក់នេះលោកនឹងរាយការណ៍ទៅអង្គភាពCMAC ដេីម្បីឱ្យជួយអន្តរាគមន៍បោសសម្អាតនៅពេលក្រោយ៕
ដោយ៖ ស សារ៉េត