តាមការវិភាគថ្មីបំផុតរបស់ មហាវិទ្យាល័យ Brown អាមេរិក បានឱ្យដឹងថា សង្គ្រាមវាយប្រហារនៅអាហ្វហ្គានីស្ថានរយៈពេល២០ឆ្នាំកន្លងមកតើអាមេរិកបានចំណាយប្រាក់អស់ប៉ុន្មាន? តាមការវាយតម្លៃអាមេរិកចំណាយប្រាក់អស់២,២៦ពាន់ពាន់លានដុល្លារ (២២៦០ពាន់លានដុល្លារ) ហើយប្រាក់ចំណាយនៅតែបន្តកើនឡើងខ្ពស់ទៀត។
ក្រោយការវាយប្រហារភេរវកម្ម ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១ ទៅលើមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ពេលនោះរដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី ចច ដាប់ប៊ែលយូប៊ូស បានរៀបចំគម្រោងវាយប្រហារអាហ្វហ្គានីស្ថាន ដោយចោទប្រកាន់រដ្ឋាភិបាលតាលីបង់ឲ្យមេដឹកនាំក្រុមភេរវកម្ម អូសាម៉ា ប៊ីនឡាដេន ប្រើប្រាស់ប្រទេសរបស់ខ្លួនសម្រាប់ធ្វើសកម្មភាព ។
សង្គ្រាមវាយប្រហារចាប់ផ្តើមនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០០១ ដោយមានឈ្មោះថា «សេរីភាពរឹងមាំ» ដោយមានការវាយប្រហារ ជាទ្រង់ទ្រាយធំពីកម្លាំងទាហានអាមេរិក ធ្វើឲ្យក្រុមតាលីបង់ត្រូវដួលរលំ។
ក្រោយការបរាជ័យបាត់បង់ការគ្រប់គ្រងទឹកដីអាហ្វហ្គានីស្ថាន ហើយអាមេរិកបានបង្កើតរដ្ឋាភិបាលថ្មីនៅទីនោះដើម្បីដឹកនាំ ។ ក្រុមតាលីបង់ ក្រោមការដឹកនាំរបស់ លោក Mullah Omar ក៏បានបង្កើនការវាយប្រហារប្រឆាំងរដ្ឋាភិបាលថ្មីអាហ្វហ្គានីស្ថាន និងកម្លាំងទាហានអាមេរិក។
នៅថ្ងៃទី១ខែឧសភាឆ្នាំ២០១១ កម្លាំងទាហានជើងទឹកអាមេរិក SEAL បានវាយប្រហារសម្លាប់មេដឹកនាំភេរវកម្ម អូសាម៉ា ប៊ិនឡាដេន នៅតំបន់ Abbotabad ក្នុងទឹកដីប៉ាគីស្ថាន ។ តាំងពីពេលនោះមកសង្គ្រាមនៅតែបន្ត វាយប្រហារដដែល ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ស្តីពីការចំណាយសម្រាប់សង្គ្រាមនៅអាហ្វហ្គានីស្ថាន ដែលជាសង្គ្រាមប្រើរយៈពេលជិត២០ឆ្នាំ អាមេរិកចំណាយប្រាក់អស់ប៉ុន្មាន ។ មជ្ឈមណ្ឌល Watson បានប្រកាសថា ប្រាក់ចំណាយសម្រាប់សង្គ្រាមនៅអាហ្វហ្គានីស្ថានគឺមានចំនួនយ៉ាងច្រើនលើសពីការស្មានគឺជាង២,២៦ពាន់ ពាន់លានដុល្លារ ៕ដោយ សាធី