នៅថ្ងៃទី១៨ ខែមេសា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច អាល្លឺម៉ង់លោក Peter Altrnaier បានព្រមានថាច្បាប់ទប់ស្កាត់កូវីដ-១៩គួរតែអនុវត្តឲ្យបានតឹងតែងបំផុតនៅទូទាំងប្រទេស ព្រោះចំនួនអ្នកស្លាប់បានកើនឡើងកាន់តែច្រើនលើសពីការស្មាន។
លោក Peter Altrnaier បានបញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលអាល្លឺម៉ង់មិនអនុវត្តវិធានការទប់ស្កាត់បានល្អនោះទេ ប្រព័ន្ធសុខាភិបាលនឹងជាប់គាំងហើយនិងមានអ្នកស្លាប់រាប់សិបម៉ឺននាក់បន្ថែមទៀត។
លោក Peter Altrnaier បន្តទៀតថា នៅលើពិភពលោក ប្រទេសដែលទប់ស្កាត់កូវីដ-១៩ បានល្អនោះគឺជាប្រទេសបានអនុវត្តវិធានការតឹងតែងបំផុត ទើបអាចទប់ស្កាត់ការឆ្លងបានល្អ។ ទន្ទឹមនឹងនោះលោកក៏បានអំពាវនាវដល់ពលរដ្ឋកាត់បន្ថយការជួបជុំគ្នា គោរពតាមច្បាប់បង្ការកូវីដ-១៩ ។
ការព្រមានរបស់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់កើតឡើងក្នុងពេលដែលការឆ្លងរាលដាលកូវិដ-១៩ កើនឡើងខ្ពស់។ តាមតួលេខរបស់មជ្ឈមណ្ឌល Robert Koch (RKI) បានប្រកាសថា មានអ្នកឆ្លងកូវីដ-១៩ ជាង១៩ពាន់នាក់ ក្នុងរយៈពេល២៤ម៉ោង និងស្លាប់ ៦៧នាក់៕ ដោយ សាធី
រូបភាព៖ THX/TTXVN