តាមតួលេខពីចំនួនពលរដ្ឋចាក់វ៉ាក់សាំងនៅលើពិភពលោក មកទល់ពេលនេះមានវ៉ាក់សាំងចំនួន៨៩០លានដូសបានចាក់ជូនពលរដ្ឋក្នុងដូសទីមួយ និង១៩៩លាននាក់បានចាក់ដូសទីពីរ ស្មើនឹង២.៦%នៃចំនួនពលរដ្ឋនៅលើពិភពលោក។
ប្រទេសដែលបានចាក់វ៉ាក់សាំងជូនពលរដ្ឋបានច្រើនជាងគេបំផុតនោះគឺ អាមេរិក បានចាក់ជូនពលរដ្ឋ ២០៦លាននាក់ចាក់ដូសទីមួយនិង ៨២លាននាក់ចាក់រួចរាល់ដូសទីពីរ ។ បន្ទាប់មកគឺប្រទេសចិន ១៨៨លានដូស ប្រទេសឥណ្ឌា ១២៣លានដូស អង់គ្លេស៤២លានដូស ដោយឡែកប្រេស៊ីលចាក់ជូនពលរដ្ឋបាន៣២លានដូស…។
ចំពោះប្រទេសចិន គណៈកម្មការសុខាភិបាលជាតិចិន (NHC) បានប្រកាសថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រមាណជាង ១៨៩.៨១លានដូសហើយ ត្រូវបានយកទៅចាក់ជូនប្រជាជននៅទូទាំងប្រទេស គិតត្រឹមថ្ងៃសៅរ៍សប្តាហ៍នេះ។
ប្រទេសចិនបានប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 ផលិតក្នុងស្រុកផ្ទាល់ ដើម្បីចាក់ជូនប្រជាជនដែលខ្លួនគិតថា ងាយប្រឈមមុខបំផុត។ សម្រាប់វ៉ាក់សាំងផលិតដោយចិនដូចជា Sinovac និង Sinopharm ក៏ត្រូវបានបរិច្ចាគ និងផ្គត់ផ្គង់ទៅតាមការបញ្ជាទិញពីប្រទេសជាច្រើន នៅជុំវិញពិភពលោកផងដែរ ក្នុងនោះប្រទេសធំៗដូចជា ប្រេស៊ីល តួកគី និងឥណ្ឌូណេស៊ីជាដើម សុទ្ធតែបានបញ្ជាទិញវ៉ាក់សាំងពីចិន។
គួរបញ្ជាក់ថា បើគិតអំពីចំនួននៃការចាក់វ៉ាក់សាំង ធៀបនឹងភាគរយនៃប្រជាជនសរុប ប្រទេសចិនត្រូវបានគេមើលឃើញថា មានសភាពយឺតបន្តិច ប៉ុន្តែបើគេសម្លឹងមើលទៅលើការគ្រប់គ្រងស្ថានការណ៍ COVID-19 វិញនោះ គឺចិនកំពុងអនុវត្តយ៉ាងតឹងរ៉ឹង ដោយឈានចូលឆ្នាំ២០២១នេះ ពុំទាន់មានករណីផ្ទុះការឆ្លងជាចង្កោម ត្រូវបានរាយការណ៍ទៀតនោះឡើយ៕ដោយ សាធី