ខេត្តស្វាយរៀង៖ បុរសម្នាក់បានរងរបួស ធ្ងន់ ខណៈជិះម៉ូតូបុកគូទរថយន្តដែលឈប់ដូរកង់ខ្វះការប្រុងប្រយ័ត្នពីក្រោយស្របទិដគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមកធ្វើអន្តរាគមន៍ទាំងយប់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី១៨ខែ មេសា ឆ្នាំ ២០២១ នៅចំណុចលើផ្លូវជាតិលេខ១៣ ស្ថិតក្នុងភូមិត្រពាំងដំរី ឃុំ កំពង់អំពិល ស្រុករំដួល ។
សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា
បុរសរងគ្រោះមានឈ្មោះ សុខ នៅ អាយុ ៣៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងក្រែត ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ ២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង១A-១១០២។
ចំណែកអ្នកបើករថយន្តមានឈ្មោះគីម សុង អាយុ២៦ឆ្នាំ រស់នៅភូមិពណ្ណរាយ ឃំុសួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោយបង្កហេតុបានរត់គេចខ្លួនភ្លាមៗបន្សល់តែ
រថយន្តនៅនិឹងកន្លែង។
តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ ២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង១A-១១០២ក្នុងទិសដៅពីត្បូងទៅជើង ខណៈនោះស្រាប់តែទៅបុករថយន្តម៉ាកសាំយ៉ុង ពណ៌លឿងពាក់ស្លាកលេខត្បូងឃ្មុំ២A- ៥០១៩ដែលអ្នកបើកបររថយន្តឈប់ដូរកង់ខ្វះការប្រុងប្រយ័ត្នពីក្រោយពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយកើតហេតុអ្នករងរបួសត្រូវបានក្រុមគ្រួសារដឹកទៅកាន់មន្ទីរពេទ្យ ចំណែកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់អំពិលដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕
ដោយ៖ យឹម សុថាន