ខេត្តកំពង់ឆ្នាំងមានករណីស្លាប់លើកដំបូងដោយជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ÷ បុរសម្នាក់បានស្លាប់ជាលើកដំបូងនៅខេត្តកំពង់ឆ្នាំង ដោយសារជំងឺកូវីដ-១៩ ។ នេះបើតាមការបញ្ជាក់របស់របស់លោក វេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដែលបានបញ្ជាក់កាលពីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នេះ ។
ប្រធានមន្ទីរសុខាភិបាលខេត្តបានឲ្យដឹងថា បុរសដែលស្លាប់នេះ មានឈ្មោះ នូ ចុល អាយុ៥៧ រស់នៅភូមព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ នៅពេលនេះ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិខេត្តកំពង់ឆ្នាំង កំពុងតែញាប់ដៃញាប់ជើង ចុះមូលដ្ឋាននោះ ស្រាវជ្រាវរកអ្នកពាក់ព័ន្ធដោយផ្ទាល់និងប្រយោល ។
បើតាមប្រភពពីមន្រ្តីសុខាភិបាលខេត្តបានប្រាប់ន្ថែមថា អ្នកជំងឺ នូ ចុល នេះមានអាការៈឈឺ រ៉ាំរ៉ៃយូរដែរមកហើយ កន្លងមកក៍ធ្លាប់ទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតផងដែរ ដោយសារតែមើលមិនជា ក៏ឲ្យអ្នកជំងឺនេះត្រឡប់មកផ្ទះវិញ ។លុះដល់យប់ថ្ងៃទី១៨ ខែមេសា អ្នកជំងឺមានអាការៈមិនស្រួលខ្លាំង ក៏យកមកមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង និង បានស្លាប់នៅយប់ថ្ងៃទី១៨ តែម្តង ។ ដោយសារមានការសង្ស័យរបស់ក្រុមគ្រូពេទ្យ នៅព្រឹកថ្ងៃទី១៩ មេសានេះបានចុះយកសំណាក ទៅធ្វើតេស្ត នៅភ្នំពេញ ។
រហូតដល់រសៀលថ្ងៃទី១៩ ខែមេសានេះលោកវេជ្ជបណ្ឌិតប្រាក់ វ៉ុនបានបញ្ជាក់ថា សពបុរសឈ្មោះនូ ចុល នេះ មានផ្ទុកមេរោគកូវីដ-១៩ ពិតប្រាកដមែន ។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងបុណ្យសព បានឲ្យដឹងថា មុនពេលលទ្ធផលចេញមកមានអ្នកភូមិបានទៅចូលរួមក្នុងកម្មវិធីបុណ្យសពនេះផងដែរ ហើយបុណ្យសពនេះបានធ្វើពិធីបូជានៅរសៀលនេះផងដែរ មុនពេលលទ្ធផលតេស្តសំណាកមកដល់ ៕


ដោយ÷ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print