ខេត្តបាត់ដំបង៖ លោកតា លោកយាយ ដូចមិនគិតដល់បញ្ហាជំងឺក៏កាចសាហាវកូវីដ-១៩សោះ បែជាមកញៀនល្បែងស៊ីសង បៀ បានប្រមូលផ្តុំគ្នាលេង ក៏ត្រូវកម្លាំងជំនាញនៃអធិការស្រុកថ្មគោល បង្ក្រាបដល់ផ្ទះនៅជិតវត្តស្ពាន ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីវេលាម៉ោង៤និង០០នាទីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ម្សិលមុិញ។
ការចុះបង្ក្រាបនេះអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ផង់ សុភាព ជាអធិការនគរបាលស្រុកថ្មគោល ដឹកនាំកម្លាំងជំនាញផ្នែកយុត្តិធម៌និងកម្លាំងកងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកថ្មគោលសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បន្សាយត្រែង បានចុះបង្ក្រាបនិងឃាត់ខ្លួនអ្នកលេងល្បែងស៊ីសងបៀតងបានចំនួន០៧នាក់ស្រី០៦នាក់និងដកហូតបានសម្ភារៈតាងរួមមាន៖
-បៀតងចំនួន០២ហ៊ូ
-ឈើកាវបៀចំនួន០៩ដើម
-កន្ទេលក្រាលចំនួន០៤
សូមជម្រាបជូនថា , ក្នុងពេលដែលមហាជនទូទៅកំពុង ចូលរួមបង្ការទប់ស្កាត់ករណីឆ្លងរាលដាលជម្ងឺកូវីដ១៩នៅក្នុងសហគមន៍ នៅមានមូលដ្ឋានខ្លះ ប្រជាពលរដ្ឋមានការប្រមូលផ្តុំគ្នា និងដោយមានទាំងការប្រព្រឹត្តល្បែងស៊ីសងទៀតផង ហេីយករណីបែបនេះសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់។
សមត្ថកិច្ចក៏សំណូមពរផងដែរ ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមមូលដ្ឋាន ប្រសិនបើឃើញមានការប្រមូលផ្ដុំផឹកស៊ី ការលេងល្បែងស៊ីសង នឹងមានកម្មវិធីដែលមានមនុស្សច្រើន សូមមេត្តាជួយផ្ដល់ដំណឹងមកកាន់អាជ្ញាធរមូលដ្ឋាននៅជិតទីនោះ ដើម្បីធ្វើការហាមឃាត់និងបង្ក្រាប៕
ដោយ៖ សិលា