ចំនួនអ្នកឆ្លងកូវីដ-១៩ប្រចាំថ្ងៃនៅឥណ្ឌាកើនឡើងខ្ពស់បំផុតលើពិភពលោក

ចែករំលែក៖

មកទល់ពេលនេះពិភពលោកមានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅជាង ១៤៣,៦លាននាក់ និងស្លាប់ជាង៣លាននាក់ហើយ។ ក្នុងពេលដែលប្រទេសក្នុងតំបន់អាមេរិក អឺរ៉ុប មានការថយចុះ ប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ី បែរជាកើនឡើងខ្ពស់ទៅវិញពិសេសគឺឥណ្ឌាមានអ្នកឆ្លងរហូតដល់ជិត៣សែននាក់ក្នុងមួយថ្ងៃ គឺជាចំនួនខ្ពស់បំផុត មិនធ្លាប់មាននៅប្រទេសនិីមួយៗជុំវិញពិភពលោកក្នុងរយៈពេល ២៤ម៉ោង។
តាមតួលេខពីក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃទី២១ខែមេសា បានប្រកាសឱ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមក មានអ្នកឆ្លងសរុបកើនឡើងដល់ទៅ២៩៥,០០០នាក់ និងស្លាប់ដល់ទៅ ២,០២៣នាក់។ រយៈពេល ៦ថ្ងៃជាប់គ្នា ឥណ្ឌាមានអ្នកឆ្លងលើសពី២សែននាក់ក្នុងមួយថ្ងៃ ហើយមានសញ្ញាបន្តកើនឡើងខ្ពស់ទៀត។
រដ្ឋធានីញូវដេលីបានបិទខ្ទប់ (Lockdown)មួយសប្តាហ៍ និងការអំពាវនាវពីសំណាក់លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ឲ្យពលរដ្ឋចូលរួមជាមួយអាជ្ញាធរ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតដ៏អាក្រក់លើកនេះ។ លោក ណារិនដ្រា ម៉ូឌី បានលើកឡើងកាលពីយប់ថ្ងៃអង្គារកន្លងមកនេះថា «ជាថ្មីម្តងទៀត យើងកំពុងស្ថិតក្នុងការប្រយុទ្ធដ៏ធំមួយ។ តាមពិតស្ថានការណ៍ បានស្ថិតក្នុងការគ្រប់គ្រងទៅហើយ កាលពីប៉ុន្មានសប្តាហ៍មុន ប៉ុន្តែវីរុសកូរ៉ូណាទីពីរនេះបានបោកបក់ដូចជាព្យុះ»។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅឥណ្ឌាកើនដល់ ១៥.៦លានករណី ក្នុងនោះមានអ្នកស្លាប់ ១៨២,៥៧០នាក់ និងជាសះស្បើយឡើងវិញ ១២.២៧លាននាក់។ ការឆ្លងរាតត្បាតយ៉ាងគំហុកត្រូវបានគេមើលឃើញចាប់តាំងពីក្រុមអ្នកកាន់សាសនាហិណ្ឌូទូទាំងប្រទេសឥណ្ឌា ចាប់ផ្តើមប្រារព្ធពិធីបុណ្យ គុម មេឡា (Kumbh Mela) ដែលតែងតែមានការជួបជុំគ្នាយ៉ាងកកុញ ហើយវានឹងមានរយៈពេលពេញមួយខែមេសានេះតែម្តង៕ ដោយសាធី

...

រូបភាព៖ REUTERS

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print