ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃបានបង្ហើបឲ្យដឹងថា ក្រសួងមហាផ្ទៃបានសម្រេចជ្រើសរើសមន្ត្រីថ្មីរួចហើយសម្រាប់ត្រៀម ចូលកាន់ដំណែងធ្វើជាអភិបាលខេត្តនៅបណ្តាខេត្តមួយចំនួន ខណៈបណ្តាអភិបាលខេត្តទាំងនោះ មានអាយុវ័យជិតចូលនិវត្តន៍។
នៅក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួបលើកទី១០៥ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០១៦ នៅទីស្តីក្រសួង រសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការកំណត់ជ្រើសរើសយកមន្ត្រីថ្មី ត្រៀមចូលកាន់ដំណែងធ្វើជាអភិបាលខេត្ត នៅបណ្តាខេត្តមួយចំនួន គឺធ្វើឡើងដើម្បីលុបបំបាត់ការអន្តរាគមន៍របស់មន្ត្រីមួយចំនួនដែលចូលចិត្តធ្វើការងារអន្តរាគមន៍នោះ។
សម្ដេចបានបញ្ជាក់ថា សម្រាប់អភិបាលខេត្ត ដែលមានអាយុជិតចូលនិវត្តន៍ហើយត្រូវត្រៀមធ្វើការផ្លាស់ប្តូរនោះគឺ មានដូចជាខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ និងខេត្តបន្ទាយជ័យជាដើម។
ទន្ទឹមនឹងជ្រើសរើសអភិបាលខេត្តថ្មីសម្រាប់បន្តវេនគ្រប់គ្រងខេត្តនោះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានបញ្ជាឲ្យគណៈកម្មការយេនឌ័រដើម្បីស្ត្រី ជួយផ្តល់កិច្ចសហការ ជ្រើសរើសមន្ត្រីជាស្ត្រី ត្រៀមចូលកាន់ដំណែងជាអភិបាលរងខេត្ត ដែរ ហើយបើជ្រើសរើសមិនបាននោះទេ ត្រូវទុកកន្លែងនោះឲ្យនៅទំនេរដដែល និងរង់ចាំការជ្រើសរើសស្ត្រីថ្មីចូលទៅកាន់ដំណែងបំពេញការងារភារកិច្ចនោះ។
សម្តេចក្រឡាហោម បានបង្ហើបដែរថា ជាគោលការណ៍របស់រាជរដ្ឋាភិបាល ការជ្រើសរើសមនុស្សសម្រាប់ចូលកាន់ដំណែងអភិបាលខេត្តថ្មី និងអភិបាលខេត្តរងជានារី គឺភាគច្រើនជ្រើសរើសមនុស្សដែលកំពុងបានបំរើការងារនៅក្នុងខេត្តនោះ មិនអាចជ្រើសរើសពីក្រៅបានទេ៕
ដោយ៖ វិបុល