ខេត្តកោះកុង÷ រដ្ឋបាលស្រុកគិរីសាគរបានដាក់ការសង្ស័យលើទូកអ្អ្នកនេសាទ២គ្រឿងដែលជាទូកនេសាទរបស់ប្រជាពលរដ្ឋឃុំកោះស្តេច ខណៈចេញចូលនេសាទញឹកញាប់នៅកំពង់ផែក្នុងស្រុកហើយក៏តាមដានទើបដឹងច្បាស់ថា មានការចេញចូលនាំផលនេសាទទៅលក់នៅឯប្រទេសថៃ។ ពេលនោះកម្លាំងរដ្ឋបាលស្រុកគិរីសាគរសម្រេចឃាត់ទូកនេសាទចំនួន២គ្រឿងនេះដោយមិនអនុញ្ញាតឲ្យចូលចតក្បែរខាងឡើយ រួមទាំងមនុស្ស១៤ នាក់ផងដែរ។
ប្រតិបត្តិការចុះអនុវត្តហាមឃាត់សកម្មភាពនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី២២ មេសា ២០២១
តាមការចង្អុលបង្ហាញរបស់ លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក លោកទួន ឱទី អភិបាលរងស្រុក បានដឹកនាំក្រុមការងារថ្នាក់ស្រុក ដោយសហការជាមួយមណ្ឌលសុខភាព និងកម្លាំងប៉ុស្តិ៍ អាជ្ញាធរឃុំកោះស្ដេច។ សមត្ថកិច្ចបានឃាត់ឲ្យទូក២គ្រឿងនេះឈប់ចតនៅមុខកោះស្តេច ដោយមិនឲ្យឡើងមកលើភូមិកោះស្តេច ឬចេញពីទូកជាដាច់ខាត រង់ចាំក្រុមការងារខេត្តចុះមកយកសំណាកទៅធ្វើតេស្តរកមេរោគកូវីដ-19 និងមានវិធានការបន្តនាថ្ងៃបន្ទាប់។
ក្រោយការយកសំណាកទៅ លោក ចេង មុនីរិទ្ធិ ក៏កំពុងពិភាក្សាបន្ថែមជាមួយថ្នាក់ដឹកនាំ និងក្រុមការងារជំនាញខេត្តថាតើត្រូវដឹកជញ្ចូនពួកគេទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កទីរួមខេត្តឬឱ្យស្នាក់នៅលើទូក។ ហើយ១៤ថ្ងៃក្រោយទទួលបានលទ្ធផលពិនិត្យសុខភាពរបស់ពួកគេអវិជ្ជមាន អាជ្ញាធរនឹងមានវិធានការដោះស្រាយបន្ត។
សូមបញ្ជាក់ផងដែរថាអាជ្ញាធរស្រុកគិរីសាគរ កាលពីថ្ងៃទី២១ មេសា ២០២១ បានយកសំណាកអ្នករត់អូរប័រ និងអ្នកបើកបរថយន្តឈ្នួញចំនួនជាង៣០នាក់ទៅពិនិត្យធ្វើតេស្តរកវីរុសកូវីវីដ-១៩ គ្រាពួកគេធ្វើដំណើរចេញចូលរាជធានីភ្នំពេញញឹកញប់ ដើម្បីចង់បានភាពច្បាស់លាស់អំពីស្ថានភាពសុខភាពរបស់ក្រុមពលរដ្ឋខាងលើចៀសវាងមានវិជ្ជមានកូវីដ-19ឆ្លងដល់អ្នកដទៃ៕