ខេត្តក្រចេះ៖ម្ចាស់រថយន្តបង្កុងកែច្នៃប្រមាណជាង៣០នាក់ រស់នៅក្នុងឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ នេះបានប្រមូលផ្តុំគ្នានៅមុខសាលាឃុំថ្មគ្រែ ដោយទាមទារមិនឱ្យអាជ្ញាធរខេត្តយករថយន្តរបស់ពួកគាត់ទៅរក្សាទុកហើយប្រគល់មកឱ្យពួគរក្សាទុកដូចដើមវិញ។
ការទាមទារនេះក្រោយពីអាជ្ញាធរខេត្តក្រចេះ បានចុះចាប់រថយន្តរបស់ពួកគាត់ទុកនៅតាមផ្ទះកាលពីល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦នេះ ដោយអាជ្ញាធរអះអាងថា រថយន្តទាំងនេះ គឺជាពាក់ពន្ឋជាមួយនិងការដឹកជញ្ជូនបទល្មើសព្រៃឈើខុសច្បាប់ទ្រង់ទ្រាយធំនាពេលកន្លងមក ។
ពលរដ្ឋជាម្ចាស់រថយន្តបង្កុងកែច្នៃបាននិយាយស្រដៀងគ្នាថា ពួកគាត់ព្រមទទួលការធ្វើកិច្ចសន្យាជាលាក់ណាមួយពីអាជ្ញាធរ បើសិនជាអាជ្ញាធរតម្រូវឱ្យពួកគាត់ឈប់ដឹកជញ្ជូនឈើ ហើយពួកគាត់អាចយករថយន្តទាំងនោះទៅដឹកជញ្ជូនកសិផលផ្សេងៗ ដើម្បីផ្គត់ផ្គុងគ្រួសារជំនួសការដឹកឈើគឺពួកគាត់ព្រមទទួល តែចំពោះការចាប់រថយន្តរបស់ពួកគាត់យកទៅទុកនោះគឺពួកគាត់មិនព្រមនោះទេ ។
តំណាងពលរដ្ឋម្នាក់គឺអ្នកស្រី ពុធ អេង អាយុ៥៥ឆ្នាំ បាននិយាយថា ការអនុវត្តន៍ច្បាប់របស់អាជ្ញធរខេត្ត ធ្វើឡើងដោយភាពប្រញាប់ប្រញាល់ ធ្វើឱ្យប៉ះពាល់ដល់កម្រិតជីវភាពរបស់ពួកគាត់ ហើយគាត់ចាត់ទុកថា ការអនុវត្តន៍ច្បាប់នេះ គឺធ្វើឡើងដូចជាមានភាពចន្លោះប្រហោង ព្រោះរថយន្តដឹកឈើទាំងនេះ គឺមិនមែនមានតែនៅក្នុងឃុំពួកគាត់នោះទេ គឺនៅមានតាមបណ្តាលស្រុកដ៏ទៃទៀតនៅក្នុងខេត្តក្រចេះ ។ជាងនេះទៅទៀត បើសិនជាអាជ្ញាធរចុះចាប់ទូទាំងខេត្ត អ្នកស្រីមិនជំទាស់ទេតែនេះចុះចាប់តែនៅក្នុងឃុំរបស់គាត់ហើយពេលនេះពួកគាត់ទាំងអស់គ្នាមិនបានធ្វើសកម្មដឹកជញ្ជូនឈើនោះទេគឺរថយន្តនីមួយៗគឺគ្របតង់ទុកចោលមុខផ្ទះរៀងខ្លួនទាំងអស់។
យ៉ាងណាក៏ដោយអាជ្ញាធរឃុំថ្មគ្រែ បានអះអាងថា ពេលនេះគឺអាជ្ញាធរព្រមទទួលយកសំណូមពររបស់ប្រជាពលរដ្ឋ ដោយងាជ្ញាធរប្រគល់រថយន្តទាំងនោះទៅឱ្យម្ចាស់ដើមវិញ តែម្ចាស់រថយន្តត្រូវធ្វើកិច្ចសន្យាជាមួយអាជ្ញាធរ ដោយមិនមានការចល័តរថយន្តទៅកន្លែងផ្សែងគឺរក្សាទុកនៅតាមផ្ទះឬកន្លែងដើម ។
ពាក់ពន្ឋនិងករណីនេះលោក ហន ប៉ូច ស្នងការរងទទួលបន្ទុកសណ្តាប់ធ្នាប់និងជាអ្នកបញ្ជាកម្លាំងចុះអនុវត្តន៍បានឱ្យដឹងថា ការចុះបង្ក្រាបរាល់រថយន្តបង្កុងកែច្នៃនេះ គឺមានការសម្របសម្រួលពីសំណាក់លោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ហើយការចុះអនុវត្តន៍នេះគឺតាមគោលការនិងបទបញ្ជារបស់ថ្នាក់ជាតិ ហើយរថយន្តទាំងនេះគឺអាជ្ញាធរមិនមែនចាប់យកនោះទេ គឺតម្រូវឱ្យពួកគាត់យកឯកសារពាក់ពន្ឋក្នុងការដឹកជញ្ជូនឈើនាពេលកន្លងមក ថាការដឹកឈើរបស់ពួកគាត់មានច្បាប់ត្រឹមត្រូវឬយ៉ាងណា ហើយដឹកឲ្យក្រុមហ៊ុនណា ។ ជាងនេះទៀត អាជ្ញាធរនិងឱ្យគាត់បញ្ឃប់ការដឹកជញ្ជូនឈើចាប់ពីពេលនេះតទៅ ហើយរថយន្តទាំងនេះនិងប្រគល់ឱ្យពួកគាត់វិញ តែត្រួវឱ្យពួកគាត់ទ្រុងចេញ កែច្នៃទៅជារថយន្តដឹកកសិផលវិញ៕ ដោយ៖ កោះទ្រុង