ខ្សែបម្រើ Kevin De Bruyne របស់ក្រុម Manchester City គឺសមនឹងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ League Cup នៅថ្ងៃអាទិត្យនេះជាមួយនឹងក្រុម Tottenham និងការប្រកួតក្របខ័ណ្ឌ Champions League នៅសប្តាហ៍ក្រោយជាមួយក្រុម Paris Saint-Germain ។
De Bruyne បានមានការសង្ស័យមួយសម្រាប់ការប្រកួតធំបំផុតពីរនៃរដូវកាលរបស់ Man City បន្ទាប់ពីតារាឆ្នើមប៊ែលហ្ស៊ិករូបនេះបានរងរបួសកជើង ក្នុងអំឡុងពេលនៃការបរាជ័យវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ប្រឆាំងនឹងក្រុមតោខៀវ។
សារព័ត៌មានអេស្ប៉ាញ MARCA បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមេសានេះថា កីឡាករវ័យ២៩ឆ្នាំរូបនេះបានភ្លាត់ស្នៀតនៅនាទីទី៤៨នៅឯកីឡដ្ឋាន Wembley និងបានខកខានការទទួលជ័យជម្នះ ២-១ របស់ក្រុម Man City នៅលើទឹកដី Aston Villa ក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃពុធ។
ការណ៍នេះបានធ្វើឱ្យមានការភ័យខ្លាចថា គាត់នឹងមិនអាចចូលលេងវគ្គផ្តាច់ព្រ័ត្រ League Cup ឬដំណើរទៅកាន់ PSG សម្រាប់ការប្រកួតជើងទី១វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League បានទេ។ ប៉ុន្តែលោក Guardiola ដែលជាគ្រូបង្វឹករបស់ Man City បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា ទាំងខ្សែប្រយុទ្ធ De Bruyne និងខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero នឹងអាចចូលលេងបានបន្ទាប់ពីហ្វឹកហាត់កាលពីថ្ងៃសុក្រ។
Sergio Aguero ដែលនឹងចាកចេញពី Man City នៅចុងរដូវកាលនេះកំពុងជួបបញ្ហាសាច់ដុំបន្ទាប់ពីប៉ះទង្គិចគ្នាក្នុងការប្រកួតក្របខ័ណ្ឌ Premier League។ លោក Guardiola អះអាងថា ពួកគេទាំងពីរត្រៀមខ្លួន ពួកគេបានហ្វឹកហាត់នៅថ្ងៃនេះ ហើយថ្ងៃស្អែកយើងនឹងសម្រេចចិត្ត ។
ក្រុម Man City ត្រូវការតែ៨ពិន្ទុពី៥ប្រកួតដែលនៅសល់រដូវកាលនេះរបស់ពួកគេដើម្បីឈ្នះពាន Premier League លើកទី៣ ក្នុងរយៈពេល៤រដូវកាល។ ក្រុម Man City ក៏កំពុងប្រជែងឈ្នះពានរង្វាន់ Champions League ជាលើកដំបូងផងដែរ ខណៈដែលលោក Guardiola មិនបានលើកពាននេះចាប់តាំងពីឆ្នាំ២០១១ ពេលនៅជាមួយ Barcelona ៕ដោយ៖ភារៈ