កម្លាំងទាហានអាកាស Zimbabwe (AFZ) បានឲ្យដឹងថា ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងនៅក្នុងប្រទេសនេះបានធ្លាក់បុកផ្ទះពលរដ្ឋនៅជាយក្រុង Harare បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ ក្នុងនោះមានកុមារម្នាក់ និងក្រុមអាកាសយានិក៣នាក់។ ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅថ្ងៃទី២៣ខែមេសា ស្ថិតនៅភូមិ Arcturus ចម្ងាយពីទីក្រុងHarareប្រមាណ៣០គីឡូម៉ត្រនៅភាគខាងកើត។
មន្ត្រីទាហានអាកាស Zimbabwe បានឲ្យដឹងថា ម្តាយរបស់កុមារ និងស្ត្រីម្នាក់ទៀតរងរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដោយដោយសាររបួសធ្ងន់។ ឧទ្ធម្ភាគចក្រដែលជួបគ្រោះថ្នាក់គឺបាត់ទំនាក់ទំនងចេញពីប្រព័ន្ធរ៉ាដា ក្រោយហោះហើរចេញពីទីតាំងទាហានអាកាស Manyame ក្នុងប្រទេសនេះ។ ក្រុមអ្នកជំនាញកំពុងតែបើកការស្រាវជ្រាវបញ្ជាក់ពីមូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់ខាងលើកើតឡើង។
មេបញ្ជាការកងទ័ពអាកាស Zimbabwe លោក Elson Moyo បានឱ្យដឹងថា «យើងពិតជាសោកស្តាយចំពោះការស្លាប់មនុស្សជាច្រើន និងចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះផងដែរ»។
ប្រទេសហ្ស៊ីមបាវេ មិនអាចអភិវឌ្ឍន៍កម្លាំងទាហានអាកាសនោះឡើយប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារតែការដាក់ទណ្ឌកម្មពីបណ្តាប្រទេសលោកខាងលិច ដោយចោទប្រកាន់ប្រទេសនេះបំពានសិទ្ធិមននុស្សយ៉ាងធ្ងន់ធ្ងរ ៕ដោយ សាធី