ព្រះមហាក្សត្រនិងសម្តេចម៉ែសម្តេចយាយប្រោសព្រះរាជទានព្រះរាជអំណោយជាច្រើនមុខជូនរដ្ឋបាលរាជធានី សម្រាប់យកទៅចែកជូនប្រជាពលរដ្ឋនៅតំបន់ក្រហមពាក់ព័ន្ធកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយតាមរយៈ សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំងជូនមករដ្ឋបាលរាជធានីភ្នំពេញដើម្បីយកទៅចែកជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហមក្នុងរាជធានីភ្នំពេញ ពាក់ព័ន្ធជំងឺកូវីដ-១៩ ដែលបាននិងកំពុងរីករាលដាលនៅពេលនេះ។
ពិធីប្រគល់និងទទួលនេះបានធ្វើឡើង នៅរសៀលថ្ងៃទី២៦ ខែមេសានេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល និងលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះបានថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ និងក្នុងនាមទូលព្រះបង្គំជាខ្ញុំផ្ទាល់ សូមថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយ តាមរយៈ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង រួមមានអង្ករ៥០តោន មី ចំនួន២.០០០កេសតូច, ត្រីខចំនួន២,០០០យួរ ទឹកសុទ្ធ៣០០កេស និងម៉ាស់៤កេសធំ (ស្មើ១២,០០០បន្ទះ) សម្រាប់ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពលំបាក រស់នៅក្នុងតំបន់ក្រហម នៃភូមិសាស្ត្ររាជធានីភ្នំពេញ។
លោកបន្តថា៖ ព្រះរាជអំណោយដ៏ថ្លៃថ្លាខាងលើពិតជាបានរួមចំណែកដល់ការទំនុកបម្រុងជាស្បៀងដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ២០២១នៅរាជធានីភ្នំពេញ និងបានបង្ហាញឱ្យឃើញពីទឹកព្រះទ័យមនុស្សធម៌ របស់សម្ដេចព្រះមហាក្សត្រី ដែលជានិច្ចកាល ព្រះអង្គតែងតែបរិច្ចាគនូវព្រះរាជទ្រព្យនិងជំនួយឧបត្ថម្ភផ្សេងៗ សំដៅជួយដោះស្រាយនូវជីវភាពរបស់ប្រជាពលរដ្ឋទីទ័លក្រនៅទូទាំងប្រទេស។
ឆ្លៀតក្នុងឱកាសនេះទូលព្រះបង្គំជាខ្ញុំសូមព្រះបរមរាជានុញ្ញាតថ្វាយព្រះរាជសព្ទសាធុការពរបវរមហាប្រសើរថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះជន្មាយុយឺនយូរ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ដើម្បីព្រះអង្គគង់ប្រថាប់ដ៏សែនសុខដុមរមនាជាមហាម្លប់ដ៏ត្រជាក់ត្រជំសម្រាប់ប្រជារាស្ត្រខ្មែរជាកូនចៅរបស់ព្រះអង្គជ្រកកោនជាយូរអង្វែងតរៀងទៅ។
លោកឃួង ស្រេង ជាមួយគ្នានោះក៏បានថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅបំផុតផងដែរថ្វាយចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សម្ដេចព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយព្រះអង្គបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយ តាមរយៈ សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំងដោយរួមមាន៖ អង្ករ៥០តោន, មី ២.០០០កេសតូច, ត្រីខ ២,០០០យូរ ទឹកសុទ្ធ៣០០កេស សម្រាប់ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពលំបាក រស់នៅក្នុងតំបន់ក្រហមនៃភូមិសាស្ត្ររាជធានីភ្នំពេញ និងអង្ករ៥តោន, មី ៣០០កេសតូច, ត្រីខ៣០០យួរ, ទឹកសុទ្ធ៥០កេស សម្រាប់ចែកជូនកងកម្លាំងនគរបាលនិងកងរាជអាវុធហត្ថដែលកំពុងបំពេញភារកិច្ចតាមគោលដៅត្រួតពិនិត្យក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ឆ្លៀតក្នុងឱកាសនេះដែរ ទូលព្រះបង្គំជាខ្ញុំសូមព្រះបរមរាជានុញ្ញាតថ្វាយព្រះរាជសព្ទសាធុការពរបវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមាន ព្រះជន្មាយុយឺនយូរ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ដើម្បីព្រះអង្គគង់ប្រថាប់ដ៏សែនសុខដុមរមនាជាមហាម្លប់ដ៏ត្រជាក់ត្រជំ សម្រាប់ប្រជារាស្ត្រខ្មែរជាកូនចៅរបស់ព្រះអង្គជ្រកកោនជាយូរអង្វែងតរៀងទៅ។
សូមករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវអភិវន្ទនកិច្ច និងកតញ្ញុតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត អំពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print