ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានឱ្យដឹងថា អ្នកទេសចរអាមេរិកដែលបានចាក់វ៉ាក់សាំងរួចរាល់អាចមកកាន់តំបន់អឺរ៉ុបកម្សាន្តនៅរដូវក្តៅបាន ។
កាលពីឆ្នាំ២០២០ សហគមន៍អឺរ៉ុប បានបិទព្រំដែនមិនឱ្យអ្នកទេសចរអាមេរិកចូលអឺរ៉ុបឡើយ។ តាមការលើកឡើងរបស់ប្រធានគណៈកម្មការអឺរ៉ុប ពលរដ្ឋអាមេរិក ដែលបានចាក់វ៉ាក់សាំងរួចរាល់នូវប្រភេទវ៉ាក់សាំងដែលនាយកដ្ឋានឱសថអឺរ៉ុបទទួលស្គាល់(EMA) គឺទទួលបានការអនុញ្ញាតឱ្យធ្វើទស្សនកិច្ចនៅអឺរ៉ុប ដោយមិនមានលក្ខខណ្ឌណាផ្សេងទៀតឡើយ។
តាមការលើកឡើងរបស់នាយកដ្ឋានគ្រប់គ្រងចំណីអាហារនិងឱសថអាមេរិក CDC មកទល់ពេលនេះ មានពលរដ្ឋអាមេរិក២៨,៥% ស្មើនឹង៩៤លាននាក់បានចាក់វ៉ាក់សាំងគ្រប់ដូសទីពីរ ។ ក្រៅពីនេះ ពលរដ្ឋដែលចាក់វ៉ាក់សាំងដូសទីមួយ មានដល់ទៅ១៤០លាននាក់ហើយ ។ អាមេរិកបានកំណត់គោលដៅចាក់វ៉ាក់សាំងឱ្យបាន ៧០% នៅខែមិថុនាឆ្នាំ២០២១។
ជាមួយគ្នានេះដែរ ប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុប ក្នុងនោះមានអុីតាលី អង់គ្លេស …ក៏មានគម្រោងបើកទ្វារដំណើរការសេដ្ឋកិច្ចឡើងវិញដែរ ពិសេសគឺទទួលស្វាគមន៍អ្នកទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងរួចរាល់៕ដោយ សាធី
រូបភាព៖ TTXVN