ខេត្តមណ្ឌលគិរី ត្រៀមទីតាំងរួចជាស្រេច សម្រាប់សាងសង់កន្លែងបូជាសព និងកន្លែងបញ្ចុះសព ករណីអ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តមណ្ឌលគិរី÷នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត,លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត,លោក ស៊ន សារុន នាយករដ្ឋបាលខេត្ត រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក បានអញ្ជើញចុះពិនិត្យ និងត្រៀមបម្រុងរួចជាស្រេច នូវទីតាំងដីសម្រាប់សាងសង់កន្លែងបូជាសព ឬឈាបនដ្ឋាន កន្លែងបញ្ចុះសព សម្រាប់អ្នកដែលបាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ មានទំហំផ្ទៃដីចាប់ពី៣-៥ហិកតា ស្ថិតនៅឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

បើតាមការឲ្យដឹងពីលោក ទូច រស្មី ប្រធានមន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ទីតាំងដែលអាជ្ញាធរត្រៀមសម្រាប់បញ្ចុះសព និងបូជាសពដែលស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួនពីរ ទីតាំង ដែលមួយត្រូវសាងសង់ឡើងនៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ និងមួយកន្លែងទៀតនៅភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ។

លោក ទូច រស្មី បន្តថា ការសាងសង់ឈាបនដ្ឋាននេះ ក្រុមការងារ បានសម្រេចយកទីតាំងដែលមានសុវត្ថិភាព នៅឆ្ងាយពីទីប្រជុំ និងមានទីធ្លាធំទូលាយ ដែលនេះជាការគិតគូរទុកជាមុន ជៀសវាងពីហានិភ័យនានា។

សូមបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី២៧ មេសា ២០២១ នៅទូទាំងខេត្តមណ្ឌលគិរី មានអ្នកជំងឺកូវីដ១៩ចំនួន ០៣នាក់ ដែលបានឆ្លងព្រឹត្តឹការណ៍សហគមន៍ ២០កុម្ភៈ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។

ក្រៅពីអ្នកជំងឺទាំងបីនាក់ ចំណុចលំនៅឋានរបស់ពួកគាត់ អាជ្ញាធរបានបិទខ្ទប់ជាប៉ុណ្ណោះអាសន្ន ដែលមានអ្នកធ្វើចត្តាឡីស័កនៅតាមផ្ទះ ដែលត្រូវបិទខ្ទប់ចំនួន៣៥គ្រួសារ។

នាឱកាសនោះលោកអភិបាលខេត្ត និងសហការី បាននាំយកទេយ្យទាន និងបច្ច័យចំនួន ៥០ម៉ឺនរៀល ប្រគេនព្រះសង្ឃគង់នៅវត្តអូររាំង និងបន្តចុះសួរសុខទុក្ខកម្លាំងនគរបាល ថែមទាំង ឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ និងថវិកា ២០០$ផងដែរ បន្ទាប់មកលោក អភិបាលខេត្ត និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាមួយចំនួន ផ្តល់ជូនអ្នកជាប់ធ្វើចត្តាឡីស័ក នៅក្នុងស្រុកកែវសីមា សម្រាប់ដោះស្រាយការហូបចុកប្រចាំថ្ងៃ៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print