ភ្នំពេញ៖ បុរសមានមុខរបររត់ម៉ូតូឌុបម្នាក់ត្រូវបានប្រជាពលរដ្ឋពួ្រតគ្នាចាប់បានវាយទ្រមខ្លួនទើបយកទៅប្រគល់ឲ្យសមត្ថកិច្ចខណៈដែលបុរសរូបនេះជិះម៉ូតូឆក់ទូរស័ព្ទដៃពីសិស្សសាលាម្នាក់ហើយប៉ុនប៉ងបើកម៉ូតូគេចខ្លួន។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យរូបនេះត្រូវបានប្រជាពលរដ្ឋចាប់បញ្ជូនទៅឲ្យនគរបាលចោមចៅចាត់ការតាមច្បាប់ភ្លាមៗទើបគេមិនបានស្គាល់ឈ្មោះ និងអាសយដ្ឋានពិតប្រាកដដោយគ្រាន់តែដឹងថាជាអ្នករត់ម៉ូតូឌុបដែលប្រើប្រាស់ម៉ូតូសងកូរ៉េ ពណ៌ក្រហម ជិះធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃម៉ាកសាំសុង កាឡាក់ស៊ីណូត មួយគ្រឿងពីក្មេងស្រីសិស្សសាលា អាយុ១៥ឆ្នាំម្នាក់ដែលកំពុងជិះម៉ូតូស្តូបពី ទៅសាលារៀនហើយលើកទូរស័ព្ទនិយាយក៏ត្រូវជនសង្ស័យខាងលើជិះម៉ូតមកក្បែរឆក់យកពីដៃតែម្តង។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា បន្ទាប់ពីជនសង្ស័យឆក់យកទូរស័ព្ទដៃពីក្មេងស្រីសិស្សសាលារួចមក ជនសង្ស័យបានជិះម៉ូតូគេចខ្លួនតាមបណ្តោយផ្លូវវេងស្រេងពីកើតទៅលិចដល់ភូមិថ្មគោលគ្រាដែលក្មេងស្រីសិស្សសាលាជិះម៉ូតូដេញតាម និងស្រែកថាចោរៗបានចម្ងាយជិតមួយគីឡូម៉ែតនោះធ្វើឲ្យប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមផ្លូវជួយដេញតាមទាន់ក៏ចាប់ជនសង្ស័យរូបនេះវាយម្នាកមួយដៃ មួយជើងទើបយកទៅប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅចាត់ការតាមច្បាប់។ ចំណែកទូរស័ព្ទដៃជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យម្ចាស់ដើមវិញ៕
ដោយ៖ ប្រាថ្នា