នៅម៉ោង១៨ថ្ងៃទី៣០ ខែមេសាក្រសួងសុខាភិបាលវៀតណាម បានប្រកាសថា បានរកឃើញករណីឆ្លងក្នុងសហគមន៍៤នាក់បន្ថែមទៀត ដោយ២នាក់នៅរដ្ឋធានីហាណូយ និង២នាក់នៅខេត្តហាណាម។ ដូច្នេះចាប់តាំងពីថ្ងៃទី២៩ និង៣០ខែមេសា វៀតណាមបានរកឃើញករណីឆ្លងកូវីដ-១៩ ថ្មីឆ្លងក្នុងសហគមន៍ចំនួន១៣នាក់ហើយស្ថិតនៅខេត្តក្រុងចំនួន៤ គឺខេត្តហាណាម៧នាក់ ហាណូយ៣នាក់ ខេត្តហឹងអៀង២នាក់ និងទីក្រុងហូជីមិញម្នាក់។
ករណីឆ្លងក្នុងសហគមន៍លើកនេះកើតចេញពីបុរសម្នាក់នៅខេត្តហាណាម ឆ្លងកូវីដ-១៩ ក្រោយការធ្វើចត្តាឡីស័ក១៤ថ្ងៃហើយមិនឃើញវិជ្ជមានកូវីដ-១៩ ក្រោយចេញពីតំបន់ចត្តាឡីស័កទើបវិជ្ជមាន ។
ក្រៅពីអ្នកឆ្លងក្នុងសហគមន៍ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសថាបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១០នាក់ទៀត ដែលធ្វើចត្តាឡីស័ក ក្នុងនោះមាន ទីក្រុងហូជីមិញ២នាក់ តៃនិញ១ នាក់ សុកត្រាំង២នាក់ វុងតាវ ៥នាក់។
រដ្ឋាភិបាលវៀតណាមបានអនុម័តយ៉ាងតឹងតែងបំផុតនូវវិធានការទប់ស្កាត់កូវីដ-១៩ ហើយអ្នកមិនពាក់ម៉ាស់នៅទីសាធារណៈនឹងត្រូវផាកពិន័យ។ នៅទីក្រុងហូជីមិញ ក៏បានសម្រេចឲ្យផ្អាកអាជីវកម្ម ហានខារ៉ាអូខេ ក្លិប រង្គសាល ហាងហ្គេម…ដែលចាប់ផ្តើមអនុវត្តចាប់ពីម៉ោង០០ ថ្ងៃទី៣០ខែមេសាឆ្នាំ២០២១៕ ដោយ សាធី