ដោយសារចាញ់ល្បែងខ្ចីម៉ូតូគេយកទៅបញ្ចាំទីបំផុតត្រូវជាប់ខ្នោះសមត្ថកិច្ច

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យ​ម្នាក់​ ដោយសារតែចាញ់ល្បែងអស់លុយពីខ្លួន បានប្រើល្បិចខ្ចីម៉ូតូគេយកទៅបញ្ចាំ លុះ២ថ្ងៃក្រោយមកក៏ត្រូវសមត្ថកិច្ចស្រុកមុខកំពូលឃាត់ខ្លួនតែម្ដង។ ករណីរំលោភលើទំនុកចិត្ត​នេះ បានកើតឡើងកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៥និង០០នាទី នៅចំណុចផ្ទះរបស់ឈ្មោះ ហេង លីវ័រ ភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ហេង លីណែត ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិវត្តចាស់ ឃុំ ព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។ ចំណែកជនសង្ស័យឈ្មោះ ជួន ថុនា ភេទប្រុស អាយុ
២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងក្រឡឹង មានទីលំនៅភូមិរកាកោង ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។ វត្ថុតាងចាប់យកមាន ម៉ូតូម៉ាកស៊ុយហ្ស៊ុយគី
ស្មាស់វី ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1CA-1943 (ជារបស់ជនរងគ្រោះ)។
ប្រភព​ដដែលបន្តថា កន្លងមកជនសង្ស័យខាងលើតែងតែមកផឹកកាហ្វេនិងហូបបាយនៅផ្ទះកើតហេតុ ជារៀងរាល់ថ្ងៃ។ លុះមកដល់ថ្ងៃទី២៩ ខែមេសា​ ឆ្នាំ២០២១ វេលា
ម៉ោង១២និង០០នាទី ជនសង្ស័យបានចេញពីផ្ទះក្នុងគោលបំណងទៅផ្ទះលក់កាហ្វេរបស់ឈ្មោះ ហេង លីវរ័ ដើម្បីទៅលេងល្បែងស៉ីសង(បញ្ជល់មាន់)តាមអនឡាញ។ ក្នុងពេលទៅដល់ជនសង្ស័យក៏បានដាក់លុយភ្នាល់ជាមួយគេរហូតដល់ម៉ោង១៥និង០០នាទី ជនសង្ស័យក៏បាន
ភ្នាល់លុយចាញ់គេអស់ ហើយជនសង្ស័យក៏បានយកកាតគ្រីម៉ូតូហុងដាគុបជ្រុងរបស់ខ្លួនទៅដាក់បញ្ចាំឲ្យបងប្រុសម្ចាស់ផ្ទះ ១០ម៉ឺនរៀល រួចជនសង្ស័យក៏យកប្រាក់នោះទៅចាក់ភ្នាល់ចាញ់អស់។ ពេលនោះជនសង្ស័យក៏ បានប្រើល្បិចខ្ចីម៉ូតូរបស់ជនរងគ្រោះខាងលើដោយប្រាប់ថា ទៅយកលុយមកសងថ្លៃបញ្ចាំកាតគ្រីម៉ូតូ ពេលនោះជនរងគ្រោះក៏ឱ្យម៉ូតូទៅជនសង្ស័យ។ ក្រោយពីយកម៉ូតូរបស់ជនរងគ្រោះ ជនសង្ស័យបានយកម៉ូតូនោះទៅទុកនៅស្រះត្រីរបស់ឈ្មោះ វ៉ា នៅភូមិពាម ឃុំរកាកោងទី១។ លុះព្រឹកឡើងថ្ងៃទី៣០ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៨និង៣០នាទី ជនសង្ស័យបានជិះម៉ូតូខាងលើទៅដើរដាក់បញ្ចាំពីកន្លែងមួយទៅកន្លែងមួយគ្មានអ្នកទទួល លុះជិះទៅដល់កន្លែងជួសជុលម៉ូតូមួយកន្លែងរបស់ឈ្មោះ ស៉ិន ណៃ នៅភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារ ជនសង្ស័យបានបញ្ចាំម៉ូតូឱ្យឈ្មោះសុិន ណៃចំនួន២០០ដុល្លារ ដោយប្រាប់ថា៖ ខ្លួនមានធុរៈ បងប្អូនមានគ្រោះថ្នាក់ចរាចរណ៍។ បន្ទាប់មកជនសង្ស័យបានជិះម៉ូតូឌុបទៅលេងឆ្នោតឡូតូតាមអនឡាញ នៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ រហូតដល់វេលាម៉ោង១៣និង៣០នាទី ទើបត្រឡប់ទៅកន្លែងស្រះត្រីវិញដើម្បីសម្ងំលាក់ខ្លួននៅទីនោះ ។ រហូតមកដល់ថ្ងៃទី៣០ខែមេសាឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបង។ បន្ទាប់ពីទទួលពាក្យបណ្តឹងរួចមក មន្ត្រីជំនាញប៉ុស្តិ៍បានធ្វើការស្រាវជ្រាវ ស្វែងរកជនសង្ស័យរហូតដល់ម៉ោង២២និង០០នាទី ទើបឃើញ ជនសង្ស័យនៅចំណុចស្រះត្រីខាងលើក៏នាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកមុខកំពូលដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានយកម៉ូតូរបស់ជនរងគ្រោះឈ្មោះ ហេង លីណែត ទៅដាក់បញ្ចាំឱ្យឈ្មោះ ស៉ិន ណៃ នៅភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ពិតប្រាកដមែន ។ បន្ទាប់មកកម្លាំងទំនាញនិងកម្លាំងប៉ុស្តិ៍ ក៏បាននាំជនសង្ស័យទៅដល់កន្លែងបញ្ចាំម៉ូតូ ហើយបានធ្វើការដកហូតម៉ូតូខាងលើយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក។ ចំពោះជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ។
ករណីនេះ ជំនាញនិងប៉ុស្តិ៍កំពុងកសាងសុំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី៕

...

ដោយ ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print