ក្រសួងការបរទេសថៃ បានប្រកាសថា ពលរដ្ឋថៃប្រមាណ២២០នាក់ ស្ថិតនៅក្នុងភូមិមួយក្នុងខេត្ត Mae Hong Son ជាប់ព្រំដែនប្រទេសមីយ៉ាន់ម៉ា បានសម្រេចចិត្តភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព។ ការភៀសខ្លួនធ្វើឡើងក្រោយពីមានការផ្ទុះអាវុធយ៉ាងខ្លាំង រវាងទាហានមីយ៉ាន់ម៉ា និឹងក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅតាមព្រំដែន។
មកទល់ពេលនេះមានពលរដ្ឋថៃនៅព្រំដែនម្នាក់រងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដោយសារតែការវាយប្រហារពីកម្លាំងទាហានមីយ៉ាន់ម៉ាទៅលើក្រុមប្រដាប់អាវុធ ការ៉ែន។
លោក Sithichai Jindaluang អភិបាលខេត្ត Mae Hong Son បានឱ្យដឹងថា មានពលរដ្ឋមីយ៉ាន់ម៉ា ដល់ទៅ២២០០នាក់បានភៀសខ្លួនចូលមកកាន់ខេត្តនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃនៃការវាយប្រហារគ្នា នៅជាប់ព្រំដែន។
ចំណែកនៅទីក្រុងយ៉ាង Yangon វិញសំឡេងផ្ទុះ និងការធ្វើបាតុកម្ម បានកើតមានឡើងពាសពេញទីក្រុង Yangon ដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុត នៅប្រទេសមីយ៉ាន់ម៉ា។ ព្រឹត្តិការណ៍ទាំងនេះបានកើតមានឡើង នៅក្នុងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះតែម្តង គឺចំពេលនៃការឈានចូលខែទី ៤ បន្ទាប់ពីយោធាបានធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលលោកស្រី អោង សាន ស៊ូជី ចេញពីអំណាចកាលពីថ្ងៃទី០១ ខែកុម្ភៈ។
សំឡេងផ្ទុះ (សង្ស័យជាគ្រាប់បែកច្នៃ) បានលាន់ឮឡើង ខណៈការតវ៉ាត្រូវបានធ្វើនៅតាមតំបន់ជាច្រើន ពាសពេញទីក្រុង Yangon ហើយក៏បានរំសាយទៅវិញភ្លាមៗផងដែរ ចាប់ពីព្រឹកមកទល់នឹងរសៀលថ្ងៃសៅរ៍ ដើម្បីបង្ការកុំមានការប្រឈមមុខដាក់គ្នា ជាមួយកងកម្លាំងសន្តិសុខ នៃរបបយោធាមីយ៉ាន់ម៉ា។
ពាក់ព័ន្ធការវាយប្រហារគ្នានៅតំបន់ព្រំដែនជាប់ប្រទេសថៃជាច្រើនថ្ងៃជាប់គ្នា បង្កក្តីបារម្ភយ៉ាងខ្លាំង ពីសហគមន៍អន្តរជាតិ ដោយបានអំពាវនាវភាគីទាំងសងខាងរក្សាការអត់ធ្មត់ឲ្យបានល្អបំផុត៕ដោយ សាធី
រូបភាព៖ VOV