ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃអាទិត្យ ៦រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១នេះ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងតំណាងលោក ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីប្រគល់និងទទួលអំណោយរបស់លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ និងអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជូនដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងកម្លាំងការពារព្រំដែនទាំង៥៩គោលដៅក្នុងខេត្តស្វាយរៀង។
ឆ្លៀតក្នុងឱកាសនេះ លោកតូច ប៉ូលីវ៉ា
បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត លោក ឌី វិជ្ជា អគ្គស្នងការរង និងលោក ម៉ែន វិបុល អភិបាលខេត្ត មកជូនដល់កងកម្លាំងទាំង៣គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងកម្លាំងការពារព្រំដែន សូមបន្តចូលរួមអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ៣កុំ ៣ការពារ ការណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្ត ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តខេត្ត ។
សូមបញ្ជាក់ថា អំណោយទាំងនោះរួមមាន៖ អង្ករនាងម៉ិញ ១២.៩០០គីឡូក្រាម មីម៉ាម៉ ៨៤៣កេសតូច ត្រីខកំប៉ុង១០៣០យួរ ទឹកត្រី ៣២៧យួរ ទឹកស៊ីអុីវ៣២៧យួរ សម្រាប់ផ្គត់ផ្គង់ដល់គោលដៅដែលឈរជើងនៅតាមបន្ទាត់ព្រំដែន កងកម្លាំងទាំង៣ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ទាក់ទងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងចូលរួមចំណែកជួយសម្រាលនូវបន្ទុករបស់រាជរដ្ឋាភិបាលក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សបញ្ជាក់ឱ្យឃើញពីទឹកចិត្តសប្បុរសធម៌នូវវប្បធម៌ចែករំលែកក្នុងគ្រាលំបាក៕
ដោយ៖ យឹម សុថាន