ខេត្តសៀមរាប៖ ការប្រើអំពើហិង្សា
ដែលស្ត្រីម្នាក់បានចាក់សាំង ដុតប៉ុនប៉ងសម្លាប់ប្តី បណ្តាលឲ្យរងរបួស ដល់កូន ២ នាក់ទៀតនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននាងបានហើយព្រមទាំងបានសម្រេចកសាងសំណុំរឿង បញ្ជូនស្ត្រីនោះ ទៅតុលាការ ពីពីបទិង្សាដោយចេតនា មានស្ថានទម្ងន់ទោស នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌស្រុកស្វាយលើ ខេត្តសៀមរាបបានឲ្យដឹងថា ស្រ្តីដៃដល់រូបនេះឈ្មោះ ឡូញ សាន្ត អាយុ២៦ ឆ្នាំ។ចំណែកជនរងគ្រោះជាប្តី ឈ្មោះ គង់ ឆាយ អាយុ ៤៨ឆ្ឆ្នាំ របួសធ្ងន់ និងកូនស្រី ២នាក់ ម្នាក់ឈ្មោះ ឆាយ ស្រីមួយ អាយុ ៣ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ឆាយ ស្រី អាយុ ២ឆ្នាំ (រលាកភ្លើងពេញខ្លួន)។គ្រួសារនេះរស់នៅក្នុងភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។
នៅចំពោះមុខសមត្ថកិច្ចស្រ្តីរូបនេះបានសារភាពថា រូបគេ និងជនរងគ្រោះ ពិតជាប្ដីប្រពន្ធនឹងគ្នា ហើយបច្ចុប្បន្នតែងតែមានទំនាស់ពាក្យសំដី និងផ្ទុះអំពើហិង្សា ក្នុងគ្រួសារជាញឹកញាប់។ ជាក់ស្ដែង នៅថ្ងៃកើតហេតុវេលាម៉ោង ១២ថ្ងៃត្រង់ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ប្ដីរបស់ខ្លួន បានផឹកស្រាស្រវឹង ហើយវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ និងសម្លាប់មាន់ចោលអស់ចំនួន ៤ក្បាល។ ពេលឃើញដូច្នោះ ខ្លួនបានស្ដីបន្ទោស ធ្វើឱ្យប្ដីខឹង ហើយស្ទុះមកធាក់ខ្លួនចំចង្កេះចំនួន ២ជើង បណ្ដាលឱ្យដួល។ លុះវេលាម៉ោងប្រមាណ ២ រសៀលថ្ងៃដដែល ខណៈប្ដី កំពុងដេកលង់លក់ ក្នុងខ្ទមចាំចម្ការចម្ងាយជាង៤០០ពីផ្ទះ ខ្លួនខឹងពេកនិងចង់សងសឹកប្តីកំណាចក៏បានយកសាំងចាក់ស្រោច ទៅលើប្តី ហើយដុតតែម្ដង បណ្ដាលឲ្យឆាបឆេះរលាកពេញខ្លួន និងកូនស្រី ២ នាក់នៅក្បែរនោះក៏រងរបួសដែរ។
យ៉ាងណាក្នុងហេតុការណ៍នោះដែរក៏បណ្តាលឲ្យផ្ទះស្លឹក(ខ្ទម) ១ខ្នង រួមទាំងសម្ភារៈប្រើប្រាស់ ឆេះខ្ទេចខ្ទីគ្មានសល់។
បើតាមការរៀបរាប់ពីឈ្មោះគង់វង់ ភេទប្រុស អាយុ ៦ឆ្នាំ ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ បានឲ្យដឹងថា ម្តាយរបស់ខ្លួន ពិតជាអ្នកយកសាំងលួចចាក់ដុតប៉ុនប៉ងសម្លាប់ឪពុកប្រាកដមែន។ ព្រោះក្នុងចន្លោះម៉ោងប្រមាណ ៩ ព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ មុនកើតហេតុឪពុកម្តាយ ទាំង ២នាក់ មានជម្លាះទាស់ទែងគ្នាយ៉ាងខ្លាំងដោយពួកគាត់ រស់នៅក្នុងស្ថានភាពក្រីក្រលំបាក រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក ជាហេតុបណ្តាលឲ្យមានភាពរកាំរកូសស្ទើររាល់ថ្ងៃ។លុះដល់ថ្ងៃរសៀល ខណ:ឪពុក កំពុងដេកលក់ក្នុងចម្ការតែម្នាក់ឯង ស្រាប់តែម្តាយ បានលបលួច យកសាំង ទៅចាក់ស្រោចពីលើឪពុក និងដុតខ្លួនប៉ុនប៉ងសម្លាប់តែតែម្តងហើយក៏បណ្តាលឲ្យប្អូនៗ ២ នាក់ ដែលកំពុងដេកក្បែរឪពុក បានរលាកភ្លើងរងរងរបួសយ៉ាងអាណោចអាធ័ម។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋាន បានចុះទៅដល់ និងមិនទាន់បានធ្វើការឃាត់ខ្លួន ស្ត្រីជាប្រពន្ធ ដែលជាជនបង្ក យកទៅសាកសួរនៅឡើយទេ ដោយទុកឲ្យនៅមើលថែប្តី និងកូន ដែលត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។លុះមកដល់ថ្ងៃទី២ខែ ឧសភាឆ្នាំ២០២១ សមត្ថកិច្ចសម្រេចឃាត់ខ្លួនស្រ្តីរូបនេះយកទៅចាត់ការតាមច្បាប់។ចំណែក
កូនប្រុសច្បងម្នាក់ អាយុ ៦ ឆ្នាំ ត្រូវបានលោកមេឃុំ យកមកចិញ្ចឹមបីបាច់ថែរក្សាជាបណ្តោះអាសន្ន នៅផ្ទះរបស់គាត់៕