ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះថា នៅក្រោយថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ខាងមុខគឺជាថ្ងៃដែលរាជរដ្ឋាភិបាលបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ ក៏ដូចជាបញ្ចប់ ការបិទខ្ទប់ច្រកចេញចូលតាមបណ្តាខេត្តនៅទូទាំងប្រទេស ប៉ុន្តែសម្រាប់រាជធានីភ្នំពេញក្រោយបញ្ចប់ការបិទខ្ទប់គឺនៅតែរក្សាតំបន់៣ដដែល នោះគឺតំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហម ដើម្បីបង្ការទប់ស្កាត់នូវជំងឺកូវីដ-១៩ដោយគ្រាន់តែបង្រួមតំបន់លឿងទុំ និងតំបន់ក្រហមមកនៅតូចជាងមុនប៉ុណ្ណោះ។
នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈ Video Conference នៅព្រឹកថ្ងៃទី០៣ ខែឧសភានេះ។
នៅក្នុងកិច្ចប្រជុំនេះ លោក ឃួង ស្រេង បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបើកឱ្យធ្វើចរាចរណ៍ឡើងវិញនៅទូទាំងប្រទេស ពីតំបន់មួយទៅតំបន់មួយពីខេត្តមួយទៅខេត្តមួយនៅថ្ងៃទី៦ ខែឧសភា។ ប៉ុន្តែសម្រាប់ភ្នំពេញ នៅរក្សាតំបន់ ៣ដដែលគឺតំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហម ដោយលោកជំរុញឲ្យអាជ្ញាធរខណ្ឌ កងកម្លាំងមានសមត្ថកិច្ច ត្រូវពង្រឹងឱ្យបានម៉ត់ចត់ទៅលើទីតាំងដែលបានកំណត់ ចៀសវាងការបន្តរីករាលដាលជំងឺកូវីដ-១៩ ទៅតំបន់ផ្សេងទៀត។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំយន្តការថ្មីមួយទៀត ក្រោយពីរាជរដ្ឋាភិបាលបើកការធ្វើចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅតាមខេត្តនានាឡើងវិញ ដោយ
យើងនឹងធ្វើសេចក្តីសម្រេចនានា ជាបន្តបន្ទាប់ទៀត ជុំវិញការបិទខ្ទប់តំបន់នានាក្នុងរាជធានីភ្នំពេញ ។
លោកបានបន្តទៀតថា ៖ ចំពោះតំបន់លឿង យើងនៅរក្សាការអនុវត្តវិធានការដដែល ដោយមិនឲ្យបើកហាងហូបចុក ដែលមានតុអង្គុយ និងការជួបជុំ។ ដោយឡែកសម្រាប់តំបន់លឿងទុំ ត្រូវរក្សានូវបម្រាមដដែល ហើយសម្រាប់តំបន់ក្រហម គឺជាតំបន់ដែលត្រូវបិទខ្ទប់ឲ្យបានម៉ឺងម៉ាត់បំផុត។ អ្វីដែលយើងត្រូវអនុវត្ត គឺយើងត្រូវបង្រួមការបិទខ្ទប់តំបន់ប្រឈមឲ្យមកនៅទ្រង់ទ្រាយតូចជាងមុន។
ចំណែកលោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ ក៏បានបញ្ជាក់នៅក្នុងកិច្ចប្រជុំនោះផងដែរថា វិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាលនឹងបញ្ចប់នៅថ្ងៃទី៥ ខែឧសភាខាងមុខនេះ មានន័យថា យើងមិនមែនបើករាជធានីភ្នំពេញទាំងស្រុងនោះទេ ដោយយើងខ្លាចមានការរីករាលដាលជំងឺកូវីដ-១៩ នេះទៅតំបន់ផ្សេងទៀត។
លោកបន្ដថា ៖ មកដល់ពេលនេះ ការរីករាលដាលឆ្លងជំងឺកូវីដ-១៩នៅមានចំនួនរាប់រយនាក់នៅឡើយទេ។ ដូច្នេះក្រោយថ្ងៃទី៥ ខែឧសភា ការបិទខ្ទប់តំបន់មួយចំនួន គឺនៅរក្សាដដែលជាមួយនឹងការហាមប្រាមការធ្វើចរាចរណ៍នៅតំបន់មួយចំនួន ហាមប្រាមការបើកហាងផឹកស៊ី។ អាជ្ញាធរខណ្ឌនីមួយៗត្រូវតែ ពិនិត្យភូមិសាស្ត្ររបស់ខ្លួនឲ្យបានច្បាស់លាស់ជុំវិញទីតាំងដែលត្រូវបិទបន្ត ហើយចំពោះសេចក្តីសម្រេចនានា រដ្ឋបាលនឹងចេញដើម្បីអនុវត្តជាបន្តបន្ទាប់ទៀត ។
សូមបញ្ជាក់ថា ៖ នៅយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសច្បាស់ៗថា នឹងមិនបន្ដបិទរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តទៀតនោះទេ ពោលអាចនឹងបិទតំបន់តូចៗមួយចំនួនដែលមានហានិភ័យខ្ពស់លើការឆ្លងជំងឺកូវីដ-១៩តែប៉ុណ្ណោះ។ ការប្រកាសបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន គឺឆ្លើយតបទៅនឹងអ្នក Comment ដែលបានចូលទៅ Comment ក្នុងហ្វេសប៊ុករបស់សម្ដេចថា ចង់ដឹងអំពីស្ថានភាពក្រោយថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដែលជាថ្ងៃកំណត់បើករាជធានីភ្នំពេញឡើងវិញ ក្រោយបិទខ្ទប់រយៈពេល ៣សប្ដាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ រាជរដ្ឋាភិបាលកម្ពុជាសម្រេចជ្រើសយកវិធានការបន្ដបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរីករាល ដាលជំងឺកូវីដ-១៩ ហើយការកំណត់បិទខ្ទប់នេះ គឺត្រឹមថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ។ បើគិតមកដល់ថ្ងៃទី០៥ ខែឧសភា ការបិទខ្ទប់នេះមានរយៈពេល៣សប្ដាហ៍ហើយ ៕