ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋជាច្រើននាក់ ក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ បានលើកគ្នាមករារាំងអាជ្ញាធរមិនឲ្យដឹកសពស្ត្រីម្នាក់ ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង យកមកបូជានៅក្នុងវត្ត ។
ប្រជាពលរដ្ឋបានបញ្ជាក់ឲ្យដឹងថា កាលដែលពួកគាត់បាននាំគ្នាមករារាំងដល់អាជ្ញាធរមិនឲ្យដឹកសពដែលស្លាប់ដោយជម្ងឺកូវីដ-១៩ យកមកបូជានៅក្នុងទីអារាមនេះដោ យសារតែពួកគាត់ខ្លាចជំងឺនេះ ឆ្លងដល់កូនចៅរបស់ពួកគាត់ដែលតែងតែចេញចូលមកធ្វើបុណ្យទានក្នុងវត្តនេះមិនដែលដាច់។ ព្រោះសព្វថ្ងៃនេះពួកគាត់និងកូនចៅទាំងអស់គ្នា បានខិតខំការពារកុំឲ្យកើតមានការឆ្លងនៃជំងឺកូវីដ- ១៩នេះ ដោយខិតខំអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តន៍តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលគឺ ៣ការពារ នឹង៣កុំ យ៉ាងខ្ជាប់ខ្ជួន ដោយ សារតែខ្លាចជំងឺដ៏កាចសាហាវមួយនេះឆ្លងចូលក្នុងសហគមន៍ ដោយគ្មានជំរើស ទើបពួកគាត់ធ្វើបែបនេះ។
ពាក់ព័ន្ធនិងករណីនេះដែរ លោក យង់ សៅវុឌ្ឍី អភិបាលស្រុករលាប្អៀរ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មានឲ្យដឹងថា ការរៀបចំបូជាសពស្ត្រីដែលមានវិជ្ជមានកូវីដ-១៩ខាងនេះ គឺជាការរៀបចំបន្ទាន់ ដោយមិនទាន់មានកន្លែងត្រឹមត្រូវដូច្នេះលោកជ្រើសយកទីនេះ គឺជាកន្លែងស្ងប់ស្ងាត់ ដែលវត្តនេះស្ថិតនៅដាច់ឆ្ងាយពីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងមិនមានប៉ះពាល់អ្វីឡើយ ពិសេសការរៀបចំបូជានៅក្នុងទីបច្ឆានេះក៏បានរៀបចំមានអនាម័យ និងបច្ចេកទេសក្នុងការបូជាដោយភាពទទួលខុសត្រូវច្បាស់លាស់។
លោកបន្តថា ទីនេះគឺបូជាតែសពស្ត្រីម្នាក់នេះទេពេលក្រោយ បើមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ និងត្រូវយកទៅបូជានៅកន្លែងថ្មី ដែលមានទីតាំងនៅឯជើងភ្នំមួយកន្លែងស្ថិតក្នុងស្រុករលាប្អៀរ។
ដើម្បីសម្របសម្រួល និងករណីនេះ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត ក៏បានឲ្យខាងជំនាញយកសពស្រ្តីដែលវិជ្ជមានកូវីដ-១៩ ទៅបូជាកន្លែងផ្សេងវិញ ចៀសវាងបញ្ហា កុំឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ៕
ដោយ៖ ចន្ថា