ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតសុខាភិបាល ប្រចាំឆ្នាំលើកទី៣៧ នៅឯសណ្ឋាគារ សូហ្វីតែលភូគីត្រា រាជធានីភ្នំពេញ ។
តាមរយៈសន្និបាតនេះធ្វើឡើងដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅសម្រាប់ ឆ្នាំ២០១៦ របស់ក្រសួងសុខាភិបាល និងយុទ្ឋសាស្ត្ររៀបចំផែនការអភិវឌ្ឍវិស័យសុខាភិបាលនេះអោយមានការរីកចម្រើនទៅមុខទៀត។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍វាយតំលៃខ្ពស់ចំពោះសន្និបាតនេះ ដែលមន្ត្រីសុខាភិបាលបានចូលរួមយ៉ាងសកម្មក្នុងការងារលើកកំពស់វិស័យសុខុមាលភាពរបស់ប្រជាជនកម្ពុជា។ បច្ចុប្បន្ននេះ សុខភាពរបស់ប្រជាជនត្រូវបានលើកកំពស់ ជាបន្តបន្ទាប់ ក្នុងនោះរួមមានទាំងសុខភាព មាតា ទារក និងកុមារ ក៏ត្រូវបានយកចិត្តទុកដាក់ រួមទាំងការកាត់បន្ថយអត្រាជម្ងឺឆ្លង និងជម្ងឺផ្សេងៗជាច្រើនទៀត ក្នុងនោះវិស័យសុខាភិបាលនេះបាននឹងកំពុងពង្រីកតាមទីជនបទ ក្នុងការផ្គត់ផ្គង់សេវាសុខភាព ជូនដល់ប្រជាពលរដ្ឋផងដែ។
ទាក់ទងនឹងការងាររបស់មន្ត្រីសុខាភិបាលវិញ សម្តេចតេជោហ៊ុន សែន ឃើញថា មានគ្រូពេទ្យឯកទេសច្រើន តែមិនទាន់បានចូលក្របខ័ណ្ឌនៅឡើយ ដូចច្នេះសម្តេច សូមឲ្យក្រសួងសុខាភិបាល និងក្រសួងមុខងារសាធារណៈត្រូវតែបញ្ចូលគ្រូពេទ្យឯកទេសទាំងអស់ក្នុងក្របខ័ណ្ឌរដ្ឋចាប់ពីពេលនេះតទៅ ដោយឡែក គ្រូពេទ្យឯកទេសដែលចូលនិវត្តន៍ត្រូវតែងតាំងជាមុខងារនយោបាយ ។
ជាមួយគ្នានោះដើម្បីឲ្យវិស័យមួយនេះកាន់តែមានភាពល្អប្រសើរសំរាប់បំរើសុខភាពប្រជាជននោះ សម្តេចតេជោ ហ៊ុន សែន បានដាស់តឿនរំលឹកសារជាថ្មីទៀតដល់គ្រូពេទ្យទាំងអស់ទូទាំងប្រទេសឲ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌ពេទ្យ និងមិនត្រូវគិតលុយជាធំ ពេលព្យាបាលអ្នកជម្ងឺនោះទេ។ មន្ទីរពេទ្យទាំងអស់ មិនត្រូវមើលស្រាលអ្នកជម្ងឺនោះទេជាពិសេសអ្នកជម្ងឺដែលមានជីវភាពខ្វះខាត ត្រូវតែជួសង្គ្រោះ សម្តេច ក៏បានអំពាវនាវឲ្យឲ្យគ្រូពេទ្យទាំងអស់ត្រូវជួយកែគ្នាទៅវិញទៅមក ដើម្បីកុំឲ្យគ្រូពេទ្យមួយចំនួនតូចបំផ្លាញកេរ្តិ៍ឈ្មោះគ្រូពេទ្យផ្សេងៗទៀត។
នៅទីបញ្ចប់នៃការបិទសន្និបាតនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស ជូនដល់មន្ត្រីនៃក្រសួងសុខាភិបាលចំនួន០៣រូបដែលបានចូលរួមយ៉ាងសកម្មក្នុងការបំរើវិស័យសុខាភិបាលកន្លងមក៕ ដោយ៖ សុខ ខេមរា