យ៉ាងហោចណាស់ក៏មានមនុស្ស ១៣នាក់ស្លាប់ និងជាង ៧០នាក់រងរបួស ក្រោយហេតុការណ៍គ្រោះថ្នាក់បាក់ស្ពានផ្លូវរថភ្លើងល្បឿនលឿនធ្វើឲ្យរថភ្លើងធ្លាក់ចុះតែម្តង។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានផ្សាយថា គ្រោះថ្នាក់កើតឡើង នៅយប់ថ្ងៃទី ៣ខែឧសភា នៅលើខ្សែរថភ្លើងលេខ១២ ជិតស្ថានីយ៍ Tezonco និង Olivos ក្នុងរដ្ឋធានីម៉ិចស៊ីកូ (ត្រូវនឹងព្រឹកថ្ងៃទី៤ខែឧសភានៅកម្ពុជា)។
ឃ្លីបវីដេអូចែករំលែកនៅលើបណ្តាញសង្គមបានបង្ហាញឲ្យឃើញថា ស្ពានផ្លូវដែក ក៏ស្រាប់តែបាក់ស្រុតធ្វើឲ្យរថភ្លើងធ្លាក់ចុះតែម្តង។ ព័ត៌មានជាបឋម មានមនុស្ស ១៣នាក់ស្លាប់ និងជាង ៧០នាក់រងរបួស ហើយអ្នកស្លាប់អាចនិងបន្តកើនឡើងខ្ពស់ទៀត ដោយសារតែមានអ្នករបួសធ្ងន់ច្រើន។
ក្រុមជួយសង្គ្រោះបានព្យាយាមជួយអ្នកដំណើរដែលជាប់គាំងនៅខាងក្នុងរថភ្លើងដែលបាក់ជាច្រើនកំណាត់ ។ រថយន្តជួយសង្គ្រោះប្រមាណ ២០គ្រឿងបានទៅដល់កន្លែងកើតហេតុដឹកអ្នករងរបួសទៅកានមន្ទីរពេទ្យ។
មកទល់ពេលនេះគេមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យគ្រោះថ្នាក់បាក់ស្ពានផ្លូវដែកនៅឡើយទេ ។ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ផ្លូវរថយន្តនៅក្រោមស្ពាន ហើយមានរថយន្តមួយគ្រឿងបានបុកជើងស្ពាន ។ ផ្លូវដែក Metro លេខ១២ គឺជាផ្លូវថ្មីបំផុតនៅរដ្ឋធានីម៉ិចស៊ីកូ បានសម្ពោធឲ្យប្រើប្រាស់នៅឆ្នាំ២០១២៕ ដោយ៖ធីរីណា
រូបភាព៖Reuters
រូបភាព៖Twitter