ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌ និងលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ បានបន្តចុះចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈឯកឧត្តមអភិបាលរាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជីវភាពខ្វះខាត ចំនួន ០២សង្កាត់រួមមាន៖ សង្កាត់ទួលទំពូងទី១ ចំនួន ១១៦គ្រួសារ, សង្កាត់បឹងត្របែក ចំនួន ៧៧គ្រួសារ សរុបចំនួន ១៩៣គ្រួសារ នៅព្រឹកថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១ ។
លោក ថេង សុថុល បានលើកឡើងថា ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នឹងត្រូវរាជរដ្ឋាភិបាលសម្រេចបិទបញ្ចប់ នៅម៉ោង ០០ ថ្ងៃទី៦ ខែឧសភា ហើយការសម្រេចបិទបញ្ចប់ការបិទខ្ទប់នេះ បានអនុញ្ញាតឱ្យពលរដ្ឋទូទៅ អាចចេញចូល-ឆ្លងកាត់រាជធានីភ្នំពេញ និងក្រុងតាខ្មៅបាន ដែលនេះគឺជាដំណឹងដ៏ល្អមួយសម្រាប់ប្រជាពលរដ្ឋ ជាពិសេសនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ប៉ុន្តែសម្រាប់តំបន់ដែលប្រឈមខ្លាំង និងតំបន់ក្រហម នឹងត្រូវអាជ្ញាធរ សម្រេចបន្តបិទខ្ទប់ដដែល។ ទោះបីយ៉ាងណា ការសម្រេចបញ្ចប់ការបិទខ្ទប់នេះ គឺដើម្បីសម្រួលការធ្វើដំណើរ និងអនុញ្ញាតឱ្យពលរដ្ឋអាចចាប់ផ្តើមប្រកបអាជីវកម្មមួយចំនួនឡើងវិញ តែមិនមែនមានន័យថា ជំងឺកូវវីដ-១៩ លែងមាន ហើយបងប្អូនភ្លេចខ្លួនមិនគិតពីការឆ្លងនៃជំងឺកូវីដ-១៩នោះឡើយ។ ផ្ទុយទៅវិញ សូមបងប្អូនប្រជាពលរដ្ឋគិតនិងចងចាំថា ការសម្រេចបញ្ចប់ការបិទខ្ទប់នេះ គឺជាការផ្តល់នូវទំនុកចិត្ត និងផ្តល់ការទទួលខុសត្រូវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ក្នុងការការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ ៣កុំ និង ៣ការពារ ឱ្យបានខ្ជាប់ខ្ជួបបំផុត។ ដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា មិនចូលរួមសហការ និងអនុវត្តវិធានការទាំងរដ្ឋបាល និងវិធានការសុខាភិបាលទេនោះ ហានិភ័យចំពោះសុខភាពរបស់បងប្អូនប្រជាពលរដ្ឋនៅតែខ្ពស់ ហើយបងប្អូននឹងប្រឈមមុខខ្ពស់ក្នុងការឆ្លងជំងឺនេះ។
ទន្ទឹមនេះ លោក ថេង សុថុល បានសង្កត់ធ្ងន់ថា សូមកុំបំពាន កុំប្រមាថ និងកុំធ្វេសប្រហែស សូម្បីតែមួយវិនាទីណាឱ្យ សោះ ព្រោះបច្ចុប្បន្ននេះ វីរ៉ុសកូវីដ-១៩ បាននិងកំពុងចរាចរណ៍ស្ទើរគ្រប់ទីកន្លែង។ ដូច្នេះការប្រកាន់ខ្ជាប់នូវវិធានការ សុខាភិបាល និងគោរពវិធានការរដ្ឋបាល តាមការដាក់ចុះរបស់អាជ្ញាធរមានសមត្ថកិច្ច គឺជាការចាំបាច់បំផុត ដើម្បី ប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។ ប្រសិនបើមិនចង់ឱ្យមានការបិទខ្ទប់រាជធានី និងក្រុងតាខ្មៅទាំងមូល ចាំបាច់ពលរដ្ឋទាំងអស់គ្នា ត្រូវតែចូលរួមអនុវត្តគ្រប់វិធានការដាក់ចុះដោយរាជរដ្ឋាភិបាល ដែលមានគោលដៅចម្បង គឺ ការពារអាយុជីវិតប្រជាពលរដ្ឋ ។
ដោយមើលឃើញតំបន់នេះ មានផ្ទះច្រើនជាប់ៗគ្នា ហើយផ្លូវមានលក្ខណៈតូចចង្អៀត ហើយក្នុងពេលនេះ ជារដូវក្ដៅ ផងនោះ លោក ថេង សុថុល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្ន ចំពោះគ្រោះអគ្គិភ័យ ដែលអាចកើតឡើងបណ្ដាលមកពីភ្លើងចង្ក្រាន ធូប ទៀន ជាពិសេស បញ្ហាអគ្គីសនី ដោយធ្វើយ៉ាងណា ពិនិត្យឱ្យបាន ម៉ត់ចត់ កុំមានការធ្វែសប្រហេសឱ្យសោះ ។
បើតាមលោក ស៊ុន សិទ្ធី នាយករដ្ឋបាលខណ្ឌចំការមន បានបញ្ជាក់ថា អំណោយដែលចែកជូន ក្នុង០១គ្រួសារ ទទួលបាន៖ អង្ករ, មី, ត្រីខ, ទឹកត្រី, ទឹកស៊ីអ៊ីវ ៕
ដោយ៖ ជីណា